ស្ថិតក្នុងឈុតសម្លៀកបំពាក់អាវធំ ក្រវាត់កស្អាតហំហាន អង្គុយធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងទាន់សម័យ បុរសម្នាក់នេះ គឺជាប្រធានសាខាធនាគារ ANZ Royal។ ដើម្បីអភិវឌ្ឍឲ្យបានក្លាយជាមនុស្សជោគជ័យដូចថ្ងៃនេះ វាមិនមែនបានមកដោយឯកឯង ដូចព្រេងសំណាងធ្លាក់ពីលើមេឃនោះទេ។
មនុស្សទូទៅរមែងខ្លាចរអានឹងការលំបាក និងឧបសគ្គក្នុងជីវិត ប៉ុន្ដែតើអ្នកដឹងទេថា ចេះពុះពារការលំបាក ទើបអាចក្លាយជាមនុស្សជោគជ័យម្នាក់។
យុវជនឆេង ណូរ៉ា អាយុ២៩ឆ្នាំ ជាប្រធានសាខាធនាគារ ANZ Royal បានប្រាប់ឲ្យដឹងថា៖ «ដើម្បីទទួលបានជោគជ័យក្នុងជីវិត យើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយ ចិត្ដ បូករួមនឹងឱកាសហុចឲ្យ»។
ក្នុងនាមយុវជនដែលធ្លាប់ជាសិស្សពូកែលេខ១ ផ្នែករូបវិទ្យាប្រចាំស្រុកកំណើតក្នុងខេត្ដកំពង់ធំ លោកណូរ៉ា មិនព្រមបង់បោះឱកាសសិក្សារបស់លោកចោលទេ ដូច្នេះលោកខំប្រវែប្រវ៉ាមកបន្ដការសិក្សានៅសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញបន្ថែមទៀត។
ដោយសារតែចំណេះដឹងផ្នែកភាសាអង់គ្លេសនៅអន់ខ្សោយពេក យុវជនណូរ៉ា ត្រូវចំណាយពេលសិក្សាភាសាអង់គ្លេសរយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ បៀលប្រាយ ស្របពេលដែលលោកក៏កំពុងសិក្សាអាហារូបករណ៍មុខវិជ្ជាធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចឆ្នាំ២០០១។ អំឡុងពេលសិក្សាមុខវិជ្ជាទាំង២នេះ លោកក៏បានឆ្លៀតពេលវេលាមកបង្ហាត់គួរភាសាអង់គ្លេសផងដែរ។
នៅមុនពេលយុវជនរបស់យើងបញ្ចប់ការសិក្សា លោកបានបន្ដចាប់យកការងារក្រៅម៉ោងមួយទៀត ជាគណនេយ្យករនៅក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកមួយ។ លោក បានឲ្យដឹងថា៖ «ខ្ញុំមានបទពិសោធការងារជាច្រើន ទម្រាំអាចមកឈរតំណែងនេះដែលចាប់ផ្ដើមពីគ្រូបង្ហាត់គួរអង់គ្លេស បន្ដមកគណនេយ្យករ បេឡាករនៅធនាគារមេគង្គខេត្ដសៀមរាប និងជាមន្រ្ដីជំនួយផ្នែកប្រតិបត្ដិការរបស់ធនាគារ ANZ Royal ខេត្ដព្រះសីហនុ»។ លោក បានបន្ដ ថា៖ «បំពេញការងារនៅតាមបណ្ដាខេត្ដ បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សឯករាជ្យដែលអាចចាត់ចែងកិច្ចការ ផ្ទាល់ខ្លួន»។
បើទោះបីជាលោក ណូរ៉ា មានលទ្ធភាពចំណាយលើការសិក្សារបស់លោកយ៉ាងណាក៏ដោយ ក៏លោកនៅតែខិតខំព្យាយាមរហូតទទួលបានអាហារូបករណ៍ពីសាលាគណនេយ្យ របស់អាមេរិក Cam_Ed Business School ទៀតផង។ លោកណូរ៉ា មិនត្រឹមតែតស៊ូព្យាយាមចំពោះការសិក្សាប៉ុណ្ណោះទេ ប៉ុន្ដែលោកបានសាកល្បងបង្កើតជំនួញផ្ទាល់ខ្លួនថែមទៀតផង។ លោកបានថ្លែងទទួលស្គាល់ថា៖ «រកស៊ីបណ្ដើរ ធ្វើការបណ្ដើរ ពិតជាពិបាកណាស់ ប៉ុន្ដែខ្ញុំនៅតែព្យាយាម ប្រសិនបើមានឱកាស»។
ទម្រាំតែយុវជន ណូរ៉ា បានទទួលឋានៈជាប្រធានធនាគារ ANZ Royal ប្រចាំខេត្ដកណ្ដាល លោកបានឆ្លងកាត់ការដំឡើងតំណែង៤ដំណាក់កាល និងប្ដូរកន្លែងការងារ ៣ដង។ លោក បានថ្លែងប្រាប់ពីជំនឿចិត្ដថា៖ «ភាពលំបាក និងបរាជ័យ ជាគ្រូសម្រាប់ដឹកនាំទៅរកភាពជោគជ័យ។ ដូច្នេះ នៅពេលជួបការលំបាក និងឧបសគ្គ ខ្ញុំមិនដែលរាថយឡើយ»។ លោក បានបន្ថែមថា៖ «ខ្ញុំនៅតែស្រឡាញ់ការងារក្នុងវិស័យធនាគារ និងខិតខំពង្រឹងសមត្ថភាពរបស់ខ្ញុំបន្ថែមទៀត»៕
ដកស្រង់ចេញពីកាសែត ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment