សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យទូទាំងប្រទេស បានចូលសិក្សានៅសាកលវិទ្យាល័យនានាតាមរយៈអាហារូបករណ៍ ឬបង់ប្រាក់ជាដើម។ សិស្សដែលមាននិទេ្ទសប្រឡងល្អ អាចទទួលបានអាហារូបករណ៍ចូលរៀននៅសាកលវិទ្យាល័យដោយឥតបង់ ប្រាក់ ឬក៏បង់ទៅតាមកម្រិតនៃនិទេ្ទសរបស់ពួកគេ។ សិស្សមួយចំនួន ដែលឪពុកម្ដាយមានជីវភាពធូរធារ ក៏មានលទ្ធភាពបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យផងដែរ។ ចុះចំណែកឯ សិស្សក្រីក្រជាច្រើនទៀត ដែលគ្មានលទ្ធភាពបន្ដការសិក្សានៅសាកលវិទ្យាល័យ តើពួកគេត្រូវអស់ឱកាសហើយមែនទេ?
គួរឲ្យសោកស្ដាយណាស់ ការសិក្សារបស់ពួកគេអាចនឹងត្រូវបញ្ចប់ ពីព្រោះពួកគេគ្មានប្រាក់បង់ថ្លៃសិក្សានៅមហាវិទ្យាល័យ។ ប៉ុន្ដែមិនទាន់អស់សង្ឃឹមទាំងស្រុងនោះទេ ពួកគេក៏នៅមានជម្រើសដ៏ល្អមួយទៀត ប្រសិនបើចង់បោះជំហានចូលសិក្សានោះ។ ដំណឹងល្អនោះគឺថា នៅតាមសាកលវិទ្យាល័យឯកជនមួយចំនួន បានផ្ដល់ជាសេវាឥណទានដល់សិស្សក្រីក្រដែលចង់បន្ដការសិក្សានៅ សាកលវិទ្យាល័យ។
កញ្ញាទូច សុខវួច អាយុ២០ឆ្នាំ មកពីខេត្ដព្រៃវែង បានសម្រេចចិត្ដស្នើសុំប្រាក់កម្ចីពីសាកលវិទ្យាល័យវេស្ទើន ដោយសារតែជីវភាពក្រីក្រ។ សំណាងល្អ កញ្ញាត្រូវបានផ្ដល់ឱកាសឲ្យបន្ដការសិក្សានៅទីនោះ ដែលមានរយៈពេលជិតមួយឆ្នាំហើយរហូតមកដល់ពេលនេះ។
កញ្ញា សុខវួច បានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ហើយពិតជាមានភាពស្ញប់ស្ញែង និងអរគុណដល់សាកលវិទ្យាល័យវេស្ទើន ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានសិក្សា»។
ដោយធ្លាប់ទទួលបានប្រាក់កម្ចីពីសាកលវិទ្យាល័យ និស្សិតស្រីម្នាក់ទៀតឈ្មោះ កញ្ញាច័ន្ទ ម៉ារីណា អាយុ២១ឆ្នាំ ក៏បានបញ្ជាក់ដែរថា សេវាកម្មផ្ដល់ប្រាក់កម្ចីនេះ ពិតជាល្អសម្រាប់និស្សិតក្រីក្រដែលចង់បន្តការសិក្សានៅមហាវិទ្យាល័យណាស់។ កញ្ញា បានបន្ថែមថា៖ «បើអត់មានប្រាក់កម្ចីនេះទេ ខ្ញុំក៏មិនអាចក្លាយជាខ្ញុំនៅពេលនេះដែរ»។
ទាក់ទងនឹងការផ្ដល់ប្រាក់កម្ចីនេះ លោក ថោង កែវប៊ុនណាត ជាបុគ្គលិកការិយាល័យផែនការរបស់មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បាននិយាយថា៖ «សេវាប្រាក់កម្ចីដែលផ្តល់ឲ្យនិស្សិតក្រីក្រគឺជាសកម្មភាពដ៏ល្អ ពីព្រោះវាបានធ្វើឲ្យអ្នកគ្មានលទ្ធភាពមានឱកាសបន្ដការសិក្សា។ ប៉ុន្តែវាជាសេវាកម្មថ្មីសន្លាងសម្រាប់ប្រទេសរបស់យើង ដែលជាក្តីបារម្ភនៅក្រោយពេលបញ្ចប់ការសិក្សាថា តើនិស្សិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារដើម្បី បង្វិលប្រាក់ដល់សាលា ឬស្ថាប័ន វិញដែរឬទេ?»។
ថ្វីដ្បិតតែសិស្សក្រីក្រអាចមានឱកាសទទួលបានប្រាក់កម្ចីពីសាកល វិទ្យាល័យមួយចំនួនក្ដី ក៏ពួកគេត្រូវឆ្លងកាត់ការជ្រើសរើសយ៉ាងហ្មត់ចត់ផងដែរ ដើម្បីឲ្យប្រាកដថា ប្រាក់កម្ចីដែលសាកលវិទ្យាល័យចំណាយទៅ ពិតជាចំទិសដៅរបស់ពួកគេ។
លោក ម៉ុក កុម្ភៈ ជាអ្នកជំនួយការផ្នែកទីផ្សាររបស់សាកលវិទ្យាល័យវេស្ទើន បានពន្យល់ថា៖ «ក្នុងមួយឆ្នាំៗ យើងជ្រើសរើសសិស្សត្រឹមតែ២០ទៅ២៥នាក់ប៉ុណ្ណោះ ពីព្រោះវាជាគោលការណ៍របស់យើង។ ប្រសិនបើយើងអនុញ្ញាតដល់សិស្សគ្រប់គ្នា សិស្សជាច្រើនច្បាស់ជាសម្រុកមកទីនេះយ៉ាងប្រថុយប្រថាន»។
គួរឲ្យកត់សម្គាល់ថា កាលពីឆ្នាំមុន សាកលវិទ្យាល័យ ក៏បានផ្អាកសេវាកម្មពីសិស្សម្នាក់ដែលមកពីខេត្តកំពង់ស្ពឺដែរ ពីព្រោះគាត់រៀនធ្លាក់គ្រប់មុខវិជ្ជាទាំងអស់។ យ៉ាងណាមិញ ដោយសារតែគាត់ក្រីក្រពេក សាកលវិទ្យាល័យមិនបានឲ្យគាត់សងប្រាក់វិញទេ។
បើយោងតាមលោក ឆាយ រ័ត្នមនី្ន ជានាយកប្រតិបត្តិសាកលវិទ្យាល័យវេស្ទើនដដែល បានឲ្យដឹងទៀតថា៖ «ពួកយើងចង់លើកស្ទួយវិស័យអប់រំនៅកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។ ទាំងនេះគឺជាមូលហេតុ ដែលពួកយើងផ្តល់នូវសេវាប្រាក់កម្ចីដល់និស្សិតក្រីក្រដែលគ្មាន លទ្ធភាពបង់ថ្លៃសិក្សា។ ម្យ៉ាងវិញទៀត យើងក៏បានផ្តល់ជាអាហារូបករណ៍ តាមរយៈការប្រឡងសមត្ថភាពជាដើម។ ពួកយើងក៏រំពឹងថា នឹងអាចបន្ថែមចំនួនសិស្សក្រីក្រជាច្រើនទៀត ដើម្បីទទួលបានសេវាកម្មនេះ»។
ចំណែកឯលោក ឈុន ណុច ជាអនុប្រធានផ្នែកកិច្ចការរដ្ឋបាលរបស់សាកលវិទ្យាល័យឯកទេសនៃ កម្ពុជា បានឲ្យដឹងថា៖ «សាកលវិទ្យាល័យរបស់ខ្ញុំមិនទាន់មានសេវាកម្មផ្ដល់ប្រាក់កម្ចី ដល់និស្សិតនោះទេ ពីព្រោះវាពិបាកគ្រប់គ្រង ដែលសូម្បីតែប្រទេសអភិវឌ្ឍន៍ក៏នៅជួបបញ្ហានេះដែរ។ ដើម្បីជួយនិស្សិតដែលខិតខំសិក្សា និងនិស្សិតក្រីក្រ ពួកយើងបានជួយតាមរយៈអាហារូបករណ៍ជាច្រើន ដូចជា អាហារូបករណ៍សម្តេចហ៊ុន សែន ក្រសួងអប់រំ ស្ថាប័នរដ្ឋ សប្បុរសជននានា និងសាលាផ្ទាល់ ដែលសរុបទៅមិនតិចជាង៥០០កន្លែងទេ»។
ដើម្បីអាចស្នើសុំប្រាក់កម្ចីសិក្សាពីសាកលវិទ្យាល័យវេស្ទើន សិស្សទាំងអស់ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន រួមមាន ប័ណ្ណធានា សៀវភៅគ្រួសារ អត្ដសញ្ញាណប័ណ្ណ ឬក៏លិខិតសម្គាល់ខ្លួន និងលិខិតស្នាក់នៅរបស់ពួកគេ។ បន្ទាប់មក ពួកគេត្រូវបំពេញលិខិតដែលចេញដោយសាកលវិទ្យាល័យផ្ទាល់។ គួរបញ្ជាក់ថា សំណើទាំងអស់ មិនសុទ្ធតែទទួលបានការឯកភាពឡើយ។
ចំពោះអត្រាការប្រាក់របស់សាកលវិទ្យាល័យវិញ លោក កុម្ភៈ បានឲ្យដឹងថា៖ «ខាងសាកលវិទ្យាល័យមិនគិតការប្រាក់ពីសិស្សអំឡុងពេលពួកគេកំពុង សិក្សាទេ ប៉ុន្ដែក្រោយបញ្ចប់ការសិក្សា ពួកគេមានរយៈពេល៣ឆ្នាំក្នុងការបង្វិលប្រាក់មកខាងសាកលវិទ្យាល័យ ដែលមានកម្រិតការប្រាក់ ០, ៥ភាគរយក្នុងមួយខែ»។
ដោយសារតែមើលឃើញពីផលវិបាករបស់សិស្សក្រីក្រ លោកថោង កែវ ប៊ុនណាត ក៏បានគាំទ្រ និងជំរុញឲ្យមានសេវាផ្តល់ប្រាក់កម្ចីដល់និស្សិតនេះដែរ ព្រោះវាចូលរួមជាចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិទាំងមូល។
យ៉ាងណាមិញ ដើម្បីឲ្យទទួលបាននូវសុវត្ថិភាព និងជោគជ័យក្នុងដំណើរការផ្ដល់ប្រាក់កម្ចី លោកបានលើកឡើងពីចំណុចមួយចំនួនដែលយើងគួរពិចារណាឲ្យល្អិត ល្អន់ទាំងអ្នកផ្ដល់ និងអ្នកទទួលយកសេវាកម្មនេះ។
ដូច្នេះ យើងគួរតែយកចិត្ដទុកដាក់ចំពោះគុណភាពនៃការអប់រំជាចម្បង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យបៀលប្រាយ (BBU) វេស្ទើន (Western) អង្គរ បញ្ញាជាតិ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងតែបន្តផ្ដល់សេវាប្រាក់កម្ចីសម្រាប់សិក្សាដល់និស្សិត ក្រីក្រ៕
ដកស្រង់ចេញពីកាសែត ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment