This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 13, 2012

បណ្ដាំ​ម៉ែ


បណ្ដាំ​ម៉ែ

2012-01-28
និពន្ធ​ដោយ យុន សុគុណ្ណា
១. នឹក​ស្រុក​នឹក​ស្រែ                ​​​​​​​​នឹក​ពុក​និង​ម៉ែ             ធ្លាប់​ថែ​កូន​ស្ងួន 
ពេល​នេះ​រូប​កូន                     បាន​ឃ្លាត​ចាក​ខ្លួន         ម៉ែ​លែង​បាន​ធួន 
ថែ​កូន​ទៀត​ហើយ។
២. ទោះ​បី​ឃ្លាត​ឆ្ងាយ               កូន​នឹក​អ្នក​ម្ដាយ          គ្មាន​ពេល​ល្ហែល្ហើយ
បើ​បាន​នៅ​ជិត                        នែបនិត្យ​កៀក​កើយ កូន​នឹង​បាន​ស្បើយ
ល្ហើយ​ពី​ទុក្ខា។
៣. បួន​ឆ្នាំ​កូន​បែក                 នៅ​ឆ្ងាយ​អនេក          ឆ្ងាយ​ពី​មាតា
រៀន​នៅ​ភ្នំពេញ                     ថ្នាក់​បរិញ្ញា                 កូន​ខំ​សិក្សា
តាម​បណ្ដាំ​ម្ដាយ។
៤. ពាក្យ​ពេចន៍​ម៉ែ​ផ្ដាំ              កូន​នៅ​ចងចាំ               ចាំ​គ្មាន​រសាយ
ពេល​ខ្លះ​កូន​នឹក                       រលឹក​អ្នក​ម្ដាយ            ទឹក​ភ្នែក​ហូរ​ខ្ចាយ
ព្រោះ​ចាំ​ពាក្យ​ម៉ែ។
៥. ម៉ែ​ថា​កូន​ប្រុស                    ចេះ​ដឹង​ត្រូវ​ខុស           ណា​ប្រុស​មាស​ស្នេហ៍
មិន​ត្រូវ​ប្រព្រឹត្ត                         ស្រា​ស្រី​ល្បែង​ល្បែ     កូន​ចាំ​ពាក្យ​ម៉ែ 
ជាក់​ទុក​ក្នុង​ប្រាណ។
៦. ខំ​ប្រឹង​សិក្សា                        វិជ្ជា​អស់​អាថ៌               សាស្ត្រា​ជា​ស្ពាន
វា​អាច​ចម្លង                             កូន​បាន​សុខសាន្ត         កូន​នឹង​ស្រាកស្រាន្ត
ព្រោះ​តែ​ចំណេះ។
៧. វិជ្ជា​ជា​ទ្រព្យ                         ចាប់​វា​ឲ្យ​ជាប់              កុំ​អោយ​របេះ
កូន​នឹង​សោយ​ផល                   ព្រោះ​តែ​តម្រិះ             ជា​យាន​ជំនិះ
ជិះ​ដល់​អវសាន។
៨. ពេល​ពុក​បែក​ទៅ              ម៉ែ​ថែ​កូន​ពៅ              ដោយ​គ្មាន​ស្រាកស្រាន្ត
ម៉ែ​ធ្វើ​ការងារ                          សព្វ​គ្រប់​បែប​យ៉ាង    ទុក​ដាក់​ចាន​ក្បាន
និង​ការ​សព្វមុខ។
៩. ម៉ែ​មិន​ដែល​ត្អូញ                ចំពោះ​រូប​កូន               ទោះ​បី​មាន​ទុក្ខ
ម៉ែ​តែង​ញញឹម                      សង្ឃឹម​ទៅ​មុខ             ថា​នឹង​ផុត​ទុក្ខ
ព្រោះ​កូន​ទាំង​បី។
១០. កូន​សូម​អរគុណ              គុណ​ម៉ែ​ដែល​ធ្ងន់       ធ្ងន់​ហួស​វិស័យ
មិន​អាច​ពណ៌នា                      អំពី​តម្លៃ                     ពិសេស​ពេកក្រៃ
លើស​អស់​សាគរ។
១១. ក្នុង​មួយ​ជីវិត                     កូន​មិន​បំភ្លេច             អ្នក​ម្ដាយ​បវរ
ព្រោះ​ម៉ែ​មាន​គុណ                  ធ្ងន់​លើស​ផែន​ថ្ម          រាប់​លាន​គីឡូ
មិន​អាច​គណនា។
១២. ថ្ងៃ​នេះ​កូន​អរ                 ព្រោះ​មាន​អំណរ         សរសេរ​ពណ៌នា
ពី​បណ្ដាំ​ម្ដាយ                           និង​គុណ​មហិមា          ដែល​ម៉ែ​ពុះពារ
ដើម្បី​រូប​កូន៕

ចៅ​ចិត្ត​វិបល្លាស


ចៅ​ចិត្ត​វិបល្លាស់

2012-01-31
ដោយ យុន សុគុណ្ណា
១.មក​រៀន​ទីក្រុង                     លង់​ខ្លួន​ឲ្យ​ផុង             ​ ភ្លើង​ពណ៌​ឆើតឆាយ
ឈ្លក់​ទឹកម៉ាស៊ីន                       ព្រោះតែ​សប្បាយ       ចាយវាយ​ខ្ជះខ្ជាយ
មិន​ខំ​សិក្សា។
២.យាយ​បាន​ផ្ដែផ្ដាំ                   ចៅ​អើយ​ចូរ​ចាំ            កុំ​ភ្លេច​ឡើយ​ណា
ត្រូវ​ខិតខំ​រៀន                          កុំ​ដើរ​ហ៊ឺហា                 ត្រូវ​រក​ប្រាជ្ញា
ជា​ទ្រព្យ​ប្រពៃ។    
៣.យាយ​គ្មាន​អ្វី​ចែក                ឲ្យ​ច្រើន​អនេក            ទៅ​ដល់​ចៅ​ថ្លៃ
មាន​តែ​វិជ្ជា                              ល្អ​ពន់ពេក​ក្រៃ            ដូច្នេះ​ចៅ​យាយ
ត្រូវ​ចាំ​ឲ្យ​ជាក់។
៤.បែកគ្នា​ពីរ​ឆ្នាំ                      ចៅ​មិន​បាន​ចាំ             បណ្ដាំ​ប្រត្យក្ស
ដែល​យាយ​បាន​ផ្កាំ                   ចំពោះ​រូប​អ្នក            យាយ​ស្ទើរតែ​ធ្លាក់
ថ្លើម​ចេញ​ពី​កាយ។    
៥.មិន​គួរ​ចៅប្រុស                   ប្រព្រឹត្ត​កំហុស             ខុស​ឆ្គង​វែងឆ្ងាយ
នៅ​ក្នុង​ជាតិ​នេះ                       យាយ​សែន​នឹក​ស្ដាយ   មិន​គួរ​ជួប​កាយ
ចៅ​ចិត្ត​វិបល្លាស។    
៦.ចៅ​បាន​ធ្វើ​ខុស                    ប្រព្រឹត្ត​កំហុស             ខុស​ចំពោះ​ភក្ត្រ
ព្រោះ​តែ​ថ្នាំ​ញៀន                   ធ្វើឲ្យ​ចៅ​ធ្លាក់             ទៅ​ក្នុង​អន្ទាក់
អន្លង់​លោកិយ។    
៧.មាន​គេ​ប្រាប់​ថា                    ចៅ​គេច​សាលា            ជា​រៀងរាល់​ថ្ងៃ
ម្ដេច​ធ្វើ​យ៉ាង​នេះ                     ដូច្នេះ​ចៅ​យាយ            ចៅ​គ្មាន​ប្រណី
ដល់​យាយ​ទេ​ឬ?
៨.ចៅ​អើយ​យាយ​យំ                ងទុក្ខ​ក្រៀមក្រំ             ថ្នាក់​មាន​ជំងឺ
ព្រោះ​ចៅ​សម្លាញ់                   ធ្វើ​ឲ្យ​យាយ​ឈឺ            យាយ​មិន​ចង់​លឺ
ពាក្យ​បែបនេះ​ឡើយ៕

ខ្មែរសាមគ្គី


ខ្មែរសាមគ្គី

និពន្ធ​ដោយ៖ លោក យុន សុគុណ្ណា
2012-01-31
១. ខ្មែរ​គឺ​ជា​ពាក្យ​តែ​មួយ​ម៉ាត់             ល្អ​ពន់ពេក​ក្តាត់​យ៉ាង​អស្ចារ្យ
គ្រប់​ជាតិ​ទាំង​អស់​លើ​លោកា              ក៏​គ្មាន​សាសន៍​ណា​ដូច​ជា​ខ្មែរ។
២. ខ្មែរ​ល្អ​ទាំង​ឫក និង​មាយាទ             ខ្មែរ​ខំ​ខ្មីឃ្មាត​រក្សា​ថែ
ពូជ​ពង្ស​ត្រកូល​កេរ្តិ៍​ឈ្មោះ​ខ្មែរ           ខ្មែរ​នៅ​តែ​ស្នេហ៍​ជាតិ​គ្មាន​ពីរ។
៣. ខ្មែរ​ស្រឡាញ់​ខ្មែរ​ខ្មែរ​នឹង​រស់       ខ្មែរ​មិន​បាត់​ឈ្មោះ​ពី​ប្រថពី
ឱ​ខ្មែរ​អើយ​ខ្មែរ​ចូរ​សាមគ្គី                   ខ្មែរ​មាន​ជីវី​មិន​បង់​បាត់។
៤. ខ្មែរ​អើយ​ចូរ​អ្នក​ខំ​ថែរ​ថួន             ជាតិ​ខ្មែរ​អោយ​មួន​កុំ​អោយ​ខ្ចាត់
បើ​អ្នក​ភ្លេច​ខ្លួន​ជាតិ​នឹង​ភ្លាត់                ដូច្នេះ​ប្រយ័ត្ន​គ្រប់​វេលា។
៥. ខ្ញុំ​ជា​កូន​ខ្មែរ​កើត​ដី​ខ្មែរ                   ខ្ញុំ​រក្សា​កេរ្តិ៍​ដោយ​ពុះ​ពារ
ឱ​ខ្មែរ​អើយ​ខ្មែរ​ចូរ​សាមគ្គា                  រក្សា​ប្រជា​ជាតិ​អោយ​គង់។
៦. ចូរ​ពួត​ដៃ​គ្នា​រួម​កំលាំង                   ខិត​ខំត​តាំង​ហើយ​ទ្រទ្រង់
ប្រជា​ជាតិ​យើង​អោយ​គង់វង្ស             ចូរ​ខ្មែរ​ស្មោះ​ត្រង់​ជាតិ​ជា​និច្ច៕

ទឹកចិត្តបងស្រី


ទឹក​ចិត្ត​បង​ស្រី

2012-02-10
ដោយ យុន សុគុណ្ណា
(បទ​ពាក្យ​ប្រាំពីរ)
១. ថ្ងៃ​នេះ​មេឃា​មាន​ដួង​ចន្ទ                មាន​ពណ៌​សុវណ្ណ​លើ​នភា
ចែង​ចាំង​ពន្លឺ​ជះ​ពសុធា                        រូប​ខ្ញុំ​កំព្រា​នៅ​ម្នាក់​ឯង។
២. នឹក​បង​ស្រី​ថ្លៃ​សំណព្វ​ចិត្ត              ប្អូន​ដឹង​ថា​បង​គិត​ចំបែង
វាចា​ដួង​ចិត្ត​ខ្ញុំ​សូម​ថ្លែង                        រឿង​រ៉ាវ​ជាក់​ស្ដែង​បង​ស្រី​ខ្ញុំ។
៣. យប់​ថ្ងៃ​បង​ខំ​គ្មាន​សម្រាក              ឲ្យ​បាន​ស្រាន្តស្រាក​ទុក្ខ​ក្រៀមក្រំ
បង​ប្រឹង​ខ្លាំង​ណាស់​ព្រោះ​រូប​ខ្ញុំ            ការងារ​តូច​ធំ​បង​ធានា។
៤. ឲ្យ​ប្អូន​ប្រុស​ស្ងួន​បាន​ចំណេះ           វិជ្ជា​តម្រិះ​ចេះ​គណនា
បងស្រី​សុខ​ចិត្ត​រង​វេទនា                     ឲ្យ​ប្អូន​ស្ងួនភ្ងា​បាន​សិក្សា។
៥. តាំង​ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ               ចាប់​ពី​មធ្យម​ដល់​មហា
ចប់​ថ្នាក់​បាក់​ឌុប​ចូល​បរិញ្ញា                បង​នឿយ​កាយា​ក៏​ស៊ូ​ទ្រាំ។
៦. ពេល​ខ្លះ​ធ្លាក់​ខ្លួន​មាន​ជំងឺ                 ខ្ញុំ​មិន​ដែល​ឮ​បង​រទាំ
ធ្វើ​ការ​ក្រោម​មេឃ​ភ្លៀង​ជោកជាំ       ក៏​បង​ស៊ូទ្រាំ​បាន​ទាំង​អស់។
៧. បង​មិន​បន្ទោស​រឿង​ខ្ញុំ​ធ្វើ              នូវ​រាល់​ទង្វើ​ខ្ញុំ​មាន​ខុស
បង​លើក​លែង​ទោស​ឲ្យ​ប្អូន​ប្រុស       ទោះ​បី​កំហុស​ប្អូន​ធ្ងន់ធ្ងរ។
៨. ពេល​ប្អូន​មក​រៀន​នៅ​ទីក្រុង          បង​ស្រី​ឆោមយង់​ស្រស់​បវរ
ខិតខំ​តាម​ប្អូន​ទាំង​ត្រដរ                       បង​ស្រី​ស្មោះ​ស​នឹង​ប្អូន​ប្រុស។
៩. បង​ខំ​ស្វែង​ការងារ​ធ្វើ                     ឲ្យ​ប្អូន​ជំទើរ​បាន​រៀន​ខ្ពស់
ទោះ​ការងារ​ខ្លះ​នាំ​អ័ព្ទ​យស                 បង​ស្រី​ឈ្មុលឈ្មុស​មិន​ដែល​ត្អូញ។
១០. ដោយសារ​តែ​រូប​ប្អូន​ប្រុស​មួយ    បង​ស្ទើរ​រលួយ​កាយ​ទ្រុឌទ្រោម
បងស្រី​សម្លាញ់​មិន​រញម                   ដើម្បី​រូប​ប្អូន​ប្រុស​ជីវ៉ា។
១១. បង​ថា​នែ​ប្អូន​ប្រុស​សម្លាញ់           បង​មិន​ចុះ​ចាញ់​រឿង​វាសនា
ទោះ​បី​យើង​ក្រ​ក្រពះ​ផ្សា                      ត្រូវ​ខំ​ប្រឹង​ណា​កនិដ្ឋា​បង។
១២. សុខ​ចិត្ត​អត់​ឃ្លាន​ឲ្យ​តែ​ពៅ         ប្អូន​ស្រស់​ឆោម​ឆ្លៅ​ពៅ​ស្នេហ៍​ស្នង
ប្អូន​ខិតខំ​រៀន​ណា​នួន​ល្អង                   កុំ​ធ្វើ​ឲ្យ​បង​រង​ទឹក​ភ្នែក។
១៣. បង​នឹក​ទៅ​ដល់​រឿង​បណ្ដាំ        ដែល​ម៉ែ​បាន​ផ្តាំ​យ៉ាង​ល្អ​ឯក
រឿង​មួយ​បង​ព្រួយ​សែន​សង្វេគ         ហៀប​ពេល​ម៉ែ​ចែក​ចាក​ឋាន​ទៅ។
១៤. មិន​ថា​ថ្ងៃ​យប់​ព្រឺ​រងា                     បង​ស្រី​ពុះពារ​រងា​ក្ដៅ
ឲ្យ​ប្អូន​បាន​ហូប​ឆ្អែត​ត្រឹមត្រូវ              មុន​ពេល​បង​ទៅ​ធ្វើ​កិច្ចការ។
១៥. ថ្ងៃ​មួយ​រញ្ជួយ​ចិត្ត​ស្ទើរ​ស្លុត         បង​ស្រី​កម្សត់​ប្រាប់​ប្អូន​ថា
បង​ជា​ស្រី​រាំ​នៅ​ក្នុង​បារ                        ឲ្យ​ទឹក​នេត្រា​ខ្ញុំ​ហូរ​ធ្លាក់។
១៦. ម្ដេច​បង​ស្រឡាញ់​ខ្ញុំ​ដល់​ម្ល៉េះ       ទ្រូង​ប្អូន​ស្ទើរ​ប្រេះ​ដោយ​អួលអាក់
មិន​គួរ​បង​យក​ខ្លួន​ជា​ធ្នាក់                    ឲ្យ​ប្អូន​ប្រុស​ម្នាក់​បាន​សិក្សា។
១៧. តើ​ដោយសារ​ខ្ញុំ​មែន​ឬ​អី              បាន​ជា​បង​ស្រី​រង​ទុក្ខា
ដើម្បី​រូប​ប្អូន​បង​ធ្វើការ                      ជា​អ្នក​រាំ​បារ​ពេល​រាត្រី។
១៨. ពេល​ដែល​ឮ​ភ្លាម​ខ្ញុំ​រន្ធត់              ដូច​ត្រូវ​ទឹក​ក្រុត​មក​ប្រល័យ
ជីវិត​កម្សត់​គ្មាន​និស្ស័យ                      អនិច្ចា​បង​ស្រី​របស់​ខ្ញុំ។
១៩. បង​អើយ​ទឹក​ភ្នែក​ប្អូន​ហូរ​ទៅ      ស្រក់​លើ​សៀវភៅ​កក​ដុំៗ
ធ្លាប់​តែ​សប្បាយ​ប្រែ​ក្រៀមក្រំ             អុះឱ! អារម្មណ៍​ហោះ​ទៅ​ណា។
២០. បងស្រី​កម្សត់​លើស​ជីវិត           មិន​គួរ​បង​គិត​ចិត្ត​មេត្តា
ព្រោះ​តែ​រូប​ខ្ញុំ​បង​ខ្លោចផ្សា                  បង់​រូប​កាយា​និង​កិត្តិយស។
២១. បង​ស្រី​តស៊ូ​ក្នុង​ជីវិត                   ឲ្យ​ប្អូន​ឆោម​ស្និទ្ធ​បាន​រៀន​រស់
ដោយ​បង​ចង់​ឲ្យ​ប្អូន​បាន​ខ្ពស់               ទោះ​បី​អ័ព្ទ​យស​បង​មិន​ថា។
២២. នេះ​ជា​ទឹក​ចិត្ត​នៃ​បង​ស្រី             ដើម្បី​ប្អូន​ថ្លៃ​ឆ្នៃ​កាយា
រៀន​សូត្រ​ដល់​ថ្នាក់​បរិញ្ញា                  សុខ​ចិត្ត​ធ្វើការ​ពេល​រាត្រី។
២៣. ពពក​រសាត់​លើ​វេហា              សូម​នាំ​វាចា​ប្រាប់​បងស្រី
ថា​ក្នុង​ជាតិ​នេះ​ប្អូន​គ្មាន​អ្វី                     សង​គុណ​បងស្រី​សម្លាញ់​ឡើយ។
២៤. អុះឱ! ទឹក​ភ្នែក​ឈប់​ហូរ​មក       ខ្ញុំ​មិន​ចង់​សោក​រឿង​ឥត​ស្បើយ
ឱ​បង​សម្លាញ់​ចិត្ត​ប្អូន​អើយ                 ម្តេច​ឡើយ​មក​រង​ទុក្ខ​គ្រាំគ្រា។
២៥. ដល់​ពេល​រៀន​ចប់​ខ្ញុំ​នឹង​ជួយ      បងស្រី​តែ​មួយ​ត្រួយ​ស្ងួនភ្ងា
ប្អូន​មិន​ឲ្យ​បង​រង​វេទនា                       ពាក្យ​គេ​និន្ទា​ដោយសារ​ខ្ញុំ។
២៦. ប្អូន​នឹង​ខំ​ប្រឹង​កសាង​ឈ្មោះ         រស់​មាន​កិត្តិយស​ក្នុង​សង្គម
នេះ​គឺ​ដោយសារ​បង​ឧត្ដម                  បង​ស្រឡាញ់​ខ្ញុំ​លើស​អ្វីៗ។
២៧. ប្រសិន​បើ​ខ្ញុំ​មាន​ជាតិ​មុខ             សូម​ឲ្យ​ជួប​សុខ​នឹង​បង​ស្រី
ជួប​គ្នា​ជា​បង​ប្អូន​រួម​ផ្ទៃ                        គ្រប់​ជាតិ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។
២៨. សូម​ព្រះ​ឃុំ​គ្រង​ថែរក្សា              បងស្រី​ជីវា​ឲ្យ​បាន​ស្បើយ
ឲ្យ​ខ្ញុំ​និង​គាត់​ជួប​កោះ​ត្រើយ                 សូម​បាន​ល្ហែល្ហើយ​កុំ​បី​ហ្មង៕

គុណព្រះម៉ែ


គុណ​ព្រះ​ម៉ែ

2012-02-08
ដោយ គង់ ឡាយ, នូវែលហ្សេឡង់ (Auckland, New Zealand)
(បទ​ព្រហ្មគីតិ)
១. កូន​អើយ​ចូរ​ចង​ចាំ                          បា​បាន​ផ្តាំ​ចារ​ទុក​ឱ្យ
ម៉ែ​ឪ​ចាស់​ណាស់​ហើយ                       គ្មាន​អ្វី​ឡើយ​ទុក​ជា​កេរ។
· មាន​តែ​ពាក្យ​សម្ដី                         គុណ​ម៉ែ​ថ្លៃ​ណាស់​មាស​មេ
ពាក្យ​ចាស់​ពី​បុព្វេ                               គ្មាន​អ្វី​ស្មើ​គុណ​ម៉ែ​ថ្លៃ។
៣. កាល​កូន​ចាប់​កំណើត                   បាន​មក​កើត​ឋិត​ក្នុង​ផ្ទៃ
ប្រាំបួន​ខែ​ដប់​ថ្ងៃ                                  កូន​ចាក​ផ្ទៃ​ម៉ែ​ខ្លោច​ផ្សា។
៤. ឆ្លង​ផុត​មហា​សមុទ្រ                        ស្ទើរ​រលត់​សូន្យ​សង្ខារ
ទម្រាំ​ឃើញ​ជីវា                                   លើក​ហត្ថា​ម៉ែ​រសាយ។
៥. កាល​កូន​នៅ​ពី​តូច                          ម៉ែ​ពរ​ងូត​សំអាត​កាយ
អាចម៍​នោម​មិន​ជិន​ណាយ                  ម៉ែ​ដុស​លាង​តែ​នឹង​ដៃ។
៦. កូន​ឈឺ​ម៉ែ​ភ័យ​ខ្លាច                         ម៉ែ​ឱហាត​ទាំង​យប់​ថ្ងៃ
ថែ​ទាំ​គ្មាន​សំចៃ                                    នោះ​គឺ​ន័យ​ព្រោះ​តែ​បុត្រ។
៧. និស្ស័យ​ម្ដាយ​និង​កូន                       សាង​ជា​ក្បូន​លើ​សមុទ្រ
ឆ្លង​កាត់​គ្រា​កម្សត់                               ម៉ែ​តស៊ូ​ទ្រាំ​បាន​នៅ។
៨. ថែ​កូន​ឱ្យ​ដឹង​ក្ដី                                កូន​ប្រុស​ស្រី​ចង​ចាំ​នូវ
បណ្ដាំ​ពាក្យ​ម៉ែ​ឪ                                 ចង​ចាំ​ទៅ​ណា​កូន​ណា។
៩. សង​គុណ​បាន​មិន​បាន                     មិន​ប៉ុន្មាន​ទេ​ពៅ​ណា
ធ្វើ​ឱ្យ​ចិត្ត​មេបា                                    សប្បាយ​ទៅ​នោះ​បាន​ហើយ។
១០. គុណ​ម៉ែ​ធ្ងន់​ពេក​ពន់                    គ្មាន​អ្វី​ធ្ងន់​ប្រៀប​បាន​ឡើយ
ដូច​នេះ​កុំ​កន្តើយ                                 សង​គុណ​ទៅ​ទាន់​ព្រះ​រស់។
១១. ចាំ​ដល់​គាត់​ចាក​ឋាន                     បុណ្យ​ប៉ុន្មាន​មិន​ឃើញ​ដល់
ដៃ​គាត់​ឬ​មិន​ដល់                                នៅ​ស្ថាន​ណា​យើង​មិន​ដឹង។
១២. បើ​កូន​កតញ្ញូ                              នោះ​មិន​យូរ​កូន​នឹង​ដឹង
ចៅៗ​វា​នឹង​ប្រឹង                                    សង​កូន​វិញ​ជា​មិន​ខាន។
១៣. ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង                     កូន​ស្វះស្វែង​មុខ​ជា​បាន
យល់​ដល់​ក្ដី​សន្តាន                               នៃ​ចិត្ត​ម្ដាយ​ដ៏​បរិសុទ្ធ។
១៤. ទឹក​ភ្នែក​ម៉ែ​ឪ​ហូរ                         ប្រៀប​ជន់ជោរ​នៃ​សមុទ្រ
កូន​ហែល​មិន​ប្រាកដ                           ចាក​ផុត​ទុក្ខ​នៃ​ជីវិត។
១៥. ចិញ្ចឹម​កូន​មិន​រាប់​ថ្ងៃ                   គ្មាន​កម្រៃ​ក៏​មិន​គិត
នឿយ​ហត់​ទុក​ក្នុង​ចិត្ត                         មិន​ដែល​ថ្ងូរ​ឱ្យ​កូន​ដឹង។
១៦. ដល់​កូន​ធំ​ដឹង​ក្ដី                            ចង់​បាន​អ្វី​ម៉ែ​ខំ​ប្រឹង
ផ្ដល់​ឱ្យ​មិន​ទាំង​ខឹង                               គាប់​ចិត្ត​កូន​មាន​នឹង​គេ។
១៧. ដល់​កូន​មាន​គ្រួសារ                      ពុំ​ប្រាថ្នា​អ្វី​នោះ​ទេ
ចង់​ឱ្យ​កូន​ទាំង​ទ្វេ                                  បាន​សុខសាន្ត​នោះ​បាន​ហើយ។
១៨. បើ​កូន​ចង់​សាង​បុណ្យ                  ម៉ែ​ឪ​មុន​គេ​នេះ​ហើយ
ចូរ​កូន​កុំ​ភ្លេច​ឡើយ                             មុន​ទៅ​ធ្វើ​បុណ្យ​ឯ​វត្ត៕

ដួងចិត្តសម្ងាត់


ដួងចិត្ត​សំងាត់

2012-02-07
ដោយ មៀច នាង សហរដ្ឋ​អាមេរិក
(បទ​កាកគតិ)
១. ពេល​ខ្ញុំ​ឃើញ​ស្រី                វង់ភក្ត្រ​ប្រិមប្រិយ         ដូច​ដួងព្រះចន្ទ្រ
ស្រី​ខ្មែរ​បវរ                              ចិត្ត​ខ្ញុំ​ជាប់​មន្ត              ស្នេហ៍​ស្រី​តូចតន់
ដក​ចិត្ត​ពុំបាន។
២. មិន​ហ៊ាន​វាចា                    ទៅ​កាន់​ជីវា                 ថា​រៀម​ស្ម័គ្រ​ប្រាណ
រួមរស់​នឹង​ស្ងួន                       លុះ​ដល់​អវសាន         ទោះ​រៀម​ក្ស័យ​ប្រាណ
ក៏​មិន​រុញរា។
៣. ហា​ស្ដី​មិន​រួច                     បាន​ត្រឹម​តែ​លួច         មើល​ស្ងួន​ពុំងា
តើ​កម្ម​អ្វី​ខ្ញុំ                                ដូច​មាន​វេរា                 ពេល​ជួប​ពុំងា
បាត់​អស់​ស្មារតី។
៤. កែវភ្នែក​មុត​ថ្លា                   សម្លឹង​កាលណា          រាម​ញ័រ​ហរទ័យ
ទ្រូង​ញ័រ​ស្ទើរ​ធ្លាយ                   ធ្លាយ​ធ្លាក់​ដល់​ដី          ស្រី​មាន​មន្ត​អ្វី
ម្ចាស់​ស្រី​សំឡាញ់?
៥. ទប់​ចិត្ត​មិន​បាន                  ញ័រ​អស់​អង្គប្រាណ     អង្គប្រាណ​បាន​ចាញ់
សម្រស់​ស្រី​ល្អ                          ថ្លែង​ស​បង់បាញ់          បង​ជាប់​សំណាញ់
ស្នេហ៍​ស្រី​ល្អឯក។
៦. ឱ​អង្គ​ខ្ញុំ​អើយ                       តើ​ពេលណា​ឡើយ     ទើប​កម្ម​ឈប់​ជ្រែក
ឲ្យ​ចេញ​វាចា                           រក​ស្រី​ល្អឯក                ថា​ខ្ញុំ​ពន់​រែក
ស្នេហ៍​ស្រី​ម្នាក់ឯង។
៧. នាង​មិន​ដឹង​ខ្លួន                   ខ្ញុំ​ទុក្ខ​រឹត​ផ្ទួន                 ស្ទើរ​ឆ្កួត​វង្វេង
សញ្ជឹង​ក្នុង​ចិត្ត                         ថា​ឱ​ស្រី​ក្មេង                តើ​ជា​គូព្រេង
ឬ​ក៏​យ៉ាងណា?
៨. បែរបន់​បួងសួង                  លើក​ហត្ថ​សំរួម          ឥន្ទ្រ​ព្រហ្ម​ទេវតា
ពន្យល់​ចិត្ត​ស្រី                         ថា​ខ្ញុំ​ស្នេហា                 តែ​កែវ​កនិដ្ឋា
ស្នេហា​បង​អើយ។
៩. ហាក់​គ្មាន​បាន​អ្វី                ព្រោះតែ​ស្រស់ស្រី       នៅ​ធ្វើ​ព្រងើយ
ស្ងួន​មិន​បាន​ដឹង                      ព្រលឹង​បង​អើយ          ទុក្ខ​បង​គ្មាន​ស្បើយ
ល្ហែល្ហើយ​ថ្ងៃ​ណា។
១០. លួច​ស្នេហ៍​លាក់​ទុក         គរ​ក្នុង​ជង្រុក                ជង្រុក​ស្នេហា
ពាក្យ​ស្នេហ៍​មួយម៉ាត់              មិន​ហ៊ាន​វាចា             ទៅ​រក​ជីវា
ឲ្យ​ស្រី​បាន​យល់។
១១. បាន​ត្រឹម​សម្លឹង                 រួច​គិត​សញ្ជឹង              ឲ្យ​ទ្រូង​ខ្វាយខ្វល់
តើ​ពេលណា​ទៅ                     ទើប​ពៅ​និមល            បាន​ដឹង​នឹង​យល់
យល់​ចិត្ត​រាម​រ៉ា។
១២. ខែ​មួយ​ផុត​ទៅ                 ឆ្លង​ដល់​រដូវ                 ប្រាំង​ចូល​វស្សា
ផុត​ទៅ​ដល់​ឆ្នាំ                         ទ្រូង​កម្ម​ខ្លោចផ្សា         លាក់​ចិត្ត​វាចា
ដួងចិត្ត​សំងាត់។
១៣. ចូល​ដល់​ឆ្នាំ​បី                  សម្រេច​ចិត្ត​ថ្មី              ថា​ចិត្ត​ត្រូវ​កាត់
និយាយ​នឹង​ស្រី                        ពី​ស្នេហ៍​សំងាត់           ទោះបី​ស្រី​បាត់
ស្រី​បាន​ទៅ​គេ។
១៤. ពេលនេះ​បាន​យល់         ដឹង​ថា​និមល                ព្រម​ដាក់​ទាន​ស្នេហ៍
ខ្ញុំ​បាន​ស្បើយ​ចិត្ត                    រឹត​ពី​បុព្វេ                     លក​លៃ​រិះរេ
និយាយ​នឹង​ម្ដាយ។
១៥. ម៉ែ​ពោល​ពាក្យ​ថា            ប្រុស​ស្ងួន​ពុំងា             បុត្រ​ថ្លៃ​ឆោមឆាយ
កូន​គេ​មន្ត្រី                              ឋានៈ​ហួស​ឆ្ងាយ          តើ​អ្នក​ឲ្យ​ម្ដាយ
ធ្វើអ្វី​នឹង​បាន?
១៦. គេ​មាន​ស័ក្ដិយស             ត្រកូល​គេ​ខ្ពស់             ណា​ប្រុស​កល្យាណ
ឯ​គ្រួសារ​យើង                         ទ្រព្យធន​ក៏​គ្មាន           ធ្វើ​ម្ដេច​ម្ដាយ​ហ៊ាន
តភ្ជាប់​និស្ស័យ?
១៧. ខ្ញុំ​មាន​ចំណេះ                   សូម​ម៉ែ​ត្រិះរិះ               គិត​សា​ជាថ្មី
ក្រែង​ប៉ា​នាង​ព្រម                    ទុក​ដាក់​កូន​ស្រី            ក្រែង​ភ័ព្វ​និស្ស័យ
ឱ​ណា​ម៉ែ​ណា!
១៨. ទ្រូង​ខ្ញុំ​ប្រេះ​ធ្លាយ               ដោយ​ដឹង​ឆោមឆាយ  ​​​​​ រង់​ថ្ងៃ​រៀបការ
នឹង​គេ​មន្ត្រី                              ក្នុង​ទូត​រាជការ             សែន​ស្ដាយ​ជីវា
ស្ដាយ​ពេញ​មួយជាតិ។
១៩. រឿង​ខ្ញុំ​រឿង​ពិត                 ញាតិ​អើយ​ជួយ​គិត    ខ្ញុំ​ធ្វើអ្វី​ទៀត
ចិត្ត​ស្នេហ៍​ស្ងួន​មួយ                 ស្នេហ៍​ពេញ​មួយ​ជាតិ  ឥឡូវ​ត្រូវ​ឃ្លាត
ឃ្លាត​មួយ​ជីវិត។
២០. សាង​ជីវិត​ថ្មី                     រត់ចោល​ទឹកដី             ព្រោះ​ស្នេហ៍​ស្រី​ពិត
ទោះ​នៅ​ឯនាយ                       ក៏​បង​នៅ​គិត               សាកសួរ​ញាតិមិត្ត
ពី​ស្រី​ជីវា។
២១. តើ​ស្ងួន​បាន​សុខ              ឬ​ស្ងួន​មាន​ទុក្ខ             រាល់​ទិន​ទិវា
ចិត្ត​បង​ពុំ​ស្ងប់                          គិត​ស្ងួន​គ្រប់​គ្រា          បើ​ស្ងួន​សុខ​ជា
បង​សប្បាយ​ក្រៃ។
២២. ឮ​ថា​ស្ងួន​សុខ                 រៀម​បាន​ស្បើយ​ទុក្ខ   ស្បើយ​ដួង​ហឫទ័យ
ធូរ​ចិត្ត​កង្វល់                           ខ្វាយខ្វល់​រាល់ថ្ងៃ         ស្រី​អើយៗ​ស្រី
សុខ​រហូត​ណា!
២៣. ជាតិ​នេះ​និស្ស័យ           ត្រឹម​លួច​ស្នេហ៍​ស្រី     ទុក​ក្នុង​ឱរា
បាន​ត្រឹម​មើល​អូន                  មើល​ស្ងួន​ពុំងា             មើល​ថ្លៃ​ជីវា
រៀបការ​នឹង​គេ។
២៤. តែ!ណ្ហើយ​ចុះ                 បង​ខំ​ប្រឹង​រស់               រស់​មើល​ស្រី​ស្នេហ៍
ខំ​ប្រឹង​ធ្វើការ                            រៀងរាល់​ថ្ងៃ​ខែ            ឲ្យ​ទ្រូង​បាន​ល្ហែ
ពី​ស្នេហ៍​ស្រី​ពៅ៕

Ramayana - The Epic