This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 13, 2012

ដួងចិត្តសម្ងាត់


ដួងចិត្ត​សំងាត់

2012-02-07
ដោយ មៀច នាង សហរដ្ឋ​អាមេរិក
(បទ​កាកគតិ)
១. ពេល​ខ្ញុំ​ឃើញ​ស្រី                វង់ភក្ត្រ​ប្រិមប្រិយ         ដូច​ដួងព្រះចន្ទ្រ
ស្រី​ខ្មែរ​បវរ                              ចិត្ត​ខ្ញុំ​ជាប់​មន្ត              ស្នេហ៍​ស្រី​តូចតន់
ដក​ចិត្ត​ពុំបាន។
២. មិន​ហ៊ាន​វាចា                    ទៅ​កាន់​ជីវា                 ថា​រៀម​ស្ម័គ្រ​ប្រាណ
រួមរស់​នឹង​ស្ងួន                       លុះ​ដល់​អវសាន         ទោះ​រៀម​ក្ស័យ​ប្រាណ
ក៏​មិន​រុញរា។
៣. ហា​ស្ដី​មិន​រួច                     បាន​ត្រឹម​តែ​លួច         មើល​ស្ងួន​ពុំងា
តើ​កម្ម​អ្វី​ខ្ញុំ                                ដូច​មាន​វេរា                 ពេល​ជួប​ពុំងា
បាត់​អស់​ស្មារតី។
៤. កែវភ្នែក​មុត​ថ្លា                   សម្លឹង​កាលណា          រាម​ញ័រ​ហរទ័យ
ទ្រូង​ញ័រ​ស្ទើរ​ធ្លាយ                   ធ្លាយ​ធ្លាក់​ដល់​ដី          ស្រី​មាន​មន្ត​អ្វី
ម្ចាស់​ស្រី​សំឡាញ់?
៥. ទប់​ចិត្ត​មិន​បាន                  ញ័រ​អស់​អង្គប្រាណ     អង្គប្រាណ​បាន​ចាញ់
សម្រស់​ស្រី​ល្អ                          ថ្លែង​ស​បង់បាញ់          បង​ជាប់​សំណាញ់
ស្នេហ៍​ស្រី​ល្អឯក។
៦. ឱ​អង្គ​ខ្ញុំ​អើយ                       តើ​ពេលណា​ឡើយ     ទើប​កម្ម​ឈប់​ជ្រែក
ឲ្យ​ចេញ​វាចា                           រក​ស្រី​ល្អឯក                ថា​ខ្ញុំ​ពន់​រែក
ស្នេហ៍​ស្រី​ម្នាក់ឯង។
៧. នាង​មិន​ដឹង​ខ្លួន                   ខ្ញុំ​ទុក្ខ​រឹត​ផ្ទួន                 ស្ទើរ​ឆ្កួត​វង្វេង
សញ្ជឹង​ក្នុង​ចិត្ត                         ថា​ឱ​ស្រី​ក្មេង                តើ​ជា​គូព្រេង
ឬ​ក៏​យ៉ាងណា?
៨. បែរបន់​បួងសួង                  លើក​ហត្ថ​សំរួម          ឥន្ទ្រ​ព្រហ្ម​ទេវតា
ពន្យល់​ចិត្ត​ស្រី                         ថា​ខ្ញុំ​ស្នេហា                 តែ​កែវ​កនិដ្ឋា
ស្នេហា​បង​អើយ។
៩. ហាក់​គ្មាន​បាន​អ្វី                ព្រោះតែ​ស្រស់ស្រី       នៅ​ធ្វើ​ព្រងើយ
ស្ងួន​មិន​បាន​ដឹង                      ព្រលឹង​បង​អើយ          ទុក្ខ​បង​គ្មាន​ស្បើយ
ល្ហែល្ហើយ​ថ្ងៃ​ណា។
១០. លួច​ស្នេហ៍​លាក់​ទុក         គរ​ក្នុង​ជង្រុក                ជង្រុក​ស្នេហា
ពាក្យ​ស្នេហ៍​មួយម៉ាត់              មិន​ហ៊ាន​វាចា             ទៅ​រក​ជីវា
ឲ្យ​ស្រី​បាន​យល់។
១១. បាន​ត្រឹម​សម្លឹង                 រួច​គិត​សញ្ជឹង              ឲ្យ​ទ្រូង​ខ្វាយខ្វល់
តើ​ពេលណា​ទៅ                     ទើប​ពៅ​និមល            បាន​ដឹង​នឹង​យល់
យល់​ចិត្ត​រាម​រ៉ា។
១២. ខែ​មួយ​ផុត​ទៅ                 ឆ្លង​ដល់​រដូវ                 ប្រាំង​ចូល​វស្សា
ផុត​ទៅ​ដល់​ឆ្នាំ                         ទ្រូង​កម្ម​ខ្លោចផ្សា         លាក់​ចិត្ត​វាចា
ដួងចិត្ត​សំងាត់។
១៣. ចូល​ដល់​ឆ្នាំ​បី                  សម្រេច​ចិត្ត​ថ្មី              ថា​ចិត្ត​ត្រូវ​កាត់
និយាយ​នឹង​ស្រី                        ពី​ស្នេហ៍​សំងាត់           ទោះបី​ស្រី​បាត់
ស្រី​បាន​ទៅ​គេ។
១៤. ពេលនេះ​បាន​យល់         ដឹង​ថា​និមល                ព្រម​ដាក់​ទាន​ស្នេហ៍
ខ្ញុំ​បាន​ស្បើយ​ចិត្ត                    រឹត​ពី​បុព្វេ                     លក​លៃ​រិះរេ
និយាយ​នឹង​ម្ដាយ។
១៥. ម៉ែ​ពោល​ពាក្យ​ថា            ប្រុស​ស្ងួន​ពុំងា             បុត្រ​ថ្លៃ​ឆោមឆាយ
កូន​គេ​មន្ត្រី                              ឋានៈ​ហួស​ឆ្ងាយ          តើ​អ្នក​ឲ្យ​ម្ដាយ
ធ្វើអ្វី​នឹង​បាន?
១៦. គេ​មាន​ស័ក្ដិយស             ត្រកូល​គេ​ខ្ពស់             ណា​ប្រុស​កល្យាណ
ឯ​គ្រួសារ​យើង                         ទ្រព្យធន​ក៏​គ្មាន           ធ្វើ​ម្ដេច​ម្ដាយ​ហ៊ាន
តភ្ជាប់​និស្ស័យ?
១៧. ខ្ញុំ​មាន​ចំណេះ                   សូម​ម៉ែ​ត្រិះរិះ               គិត​សា​ជាថ្មី
ក្រែង​ប៉ា​នាង​ព្រម                    ទុក​ដាក់​កូន​ស្រី            ក្រែង​ភ័ព្វ​និស្ស័យ
ឱ​ណា​ម៉ែ​ណា!
១៨. ទ្រូង​ខ្ញុំ​ប្រេះ​ធ្លាយ               ដោយ​ដឹង​ឆោមឆាយ  ​​​​​ រង់​ថ្ងៃ​រៀបការ
នឹង​គេ​មន្ត្រី                              ក្នុង​ទូត​រាជការ             សែន​ស្ដាយ​ជីវា
ស្ដាយ​ពេញ​មួយជាតិ។
១៩. រឿង​ខ្ញុំ​រឿង​ពិត                 ញាតិ​អើយ​ជួយ​គិត    ខ្ញុំ​ធ្វើអ្វី​ទៀត
ចិត្ត​ស្នេហ៍​ស្ងួន​មួយ                 ស្នេហ៍​ពេញ​មួយ​ជាតិ  ឥឡូវ​ត្រូវ​ឃ្លាត
ឃ្លាត​មួយ​ជីវិត។
២០. សាង​ជីវិត​ថ្មី                     រត់ចោល​ទឹកដី             ព្រោះ​ស្នេហ៍​ស្រី​ពិត
ទោះ​នៅ​ឯនាយ                       ក៏​បង​នៅ​គិត               សាកសួរ​ញាតិមិត្ត
ពី​ស្រី​ជីវា។
២១. តើ​ស្ងួន​បាន​សុខ              ឬ​ស្ងួន​មាន​ទុក្ខ             រាល់​ទិន​ទិវា
ចិត្ត​បង​ពុំ​ស្ងប់                          គិត​ស្ងួន​គ្រប់​គ្រា          បើ​ស្ងួន​សុខ​ជា
បង​សប្បាយ​ក្រៃ។
២២. ឮ​ថា​ស្ងួន​សុខ                 រៀម​បាន​ស្បើយ​ទុក្ខ   ស្បើយ​ដួង​ហឫទ័យ
ធូរ​ចិត្ត​កង្វល់                           ខ្វាយខ្វល់​រាល់ថ្ងៃ         ស្រី​អើយៗ​ស្រី
សុខ​រហូត​ណា!
២៣. ជាតិ​នេះ​និស្ស័យ           ត្រឹម​លួច​ស្នេហ៍​ស្រី     ទុក​ក្នុង​ឱរា
បាន​ត្រឹម​មើល​អូន                  មើល​ស្ងួន​ពុំងា             មើល​ថ្លៃ​ជីវា
រៀបការ​នឹង​គេ។
២៤. តែ!ណ្ហើយ​ចុះ                 បង​ខំ​ប្រឹង​រស់               រស់​មើល​ស្រី​ស្នេហ៍
ខំ​ប្រឹង​ធ្វើការ                            រៀងរាល់​ថ្ងៃ​ខែ            ឲ្យ​ទ្រូង​បាន​ល្ហែ
ពី​ស្នេហ៍​ស្រី​ពៅ៕

ជីវិតស្រីឡង់សេ


ជីវិត​ស្រី​ឡង់សេ

2012-02-04
ដោយ យុន សុគុណ្ណា
១.ជីវិត​ស្រី​បា​ពេល​រាត្រី                       កំដរ​លោកិយ​ប្រុស​តណ្ហា
ខ្ញុំ​មិន​ចង់​ធ្វើ​ទេ​ញាតិ​ណា                     ធ្វើ​ម្ដេច​វាសនា​បាន​ចារ​មក។
២.មាន​ខ្លះ​ដៀល​ថា​ខ្ញុំ​ក្ខិណី                  ជា​ស្រី​អបលក្ខណ៍​រស់​ពឹង​ជ្រក
លក់​តែ​សម្រស់​មិន​ប្រឹង​រក                  ខ្ញុំ​សែន​វិប្បយោគ​ក្នុង​ដួង​ចិត្ត។
៣.តើ​មាន​ន័យ​អ្វី​រស់​ក្នុង​លោក          មាន​រូប​ទុក្ខសោក​ផ្ទួនៗ​ពិត
តើ​នេះ​ហើយ​ឬ​ព្រហ្ម​លិខិត                 កំណត់​ជីវិត​ស្រី​ដូច​ខ្ញុំ។
៤.ភ្លើង​ពណ៌​ភ្លឺផ្លេក​ជ្រែក​រាត្រី             សំឡេង​តន្ត្រី​លាន់​រងំ
តើ​អ្នក​ដឹង​ទេ​ចិត្ត​ខ្ញុំ​យំ                           រង​ទុក្ខ​ក្រៀមក្រំ​ព្រោះ​ក្រពះ។
៥.ក្រពះ​ចុក​ពើត​ព្រោះ​អាហារ            គ្រួសារ​ជា​ការ​សំខាន់​ណាស់
ម្យ៉ាង​ទៀត​ប្អូនៗ​នៅ​ពេញ​ផ្ទះ             ខ្ញុំ​ត្រូវ​ជម្នះ​ខំ​រក​ប្រាក់។
៦.រៀន​ក៏​បាន​តិច​មិន​ចេះ​អ្វី                ការងារ​ធំ​ថី​ចេះ​ស្ទើរស្ទាក់
ឡង់សេ​នេះ​ហើយ​អាច​រក​ប្រាក់         ចិញ្ចឹម​ក្រពះ​ប្អូន​ជីវ៉ា។
៧.ញាតិ​អើយ​សូម​អ្នក​កុំ​សើច​យំ        បើ​អ្នក​ជា​ខ្ញុំ​គិត​យ៉ាង​ណា
កិត្តិយស​សំខាន់ ឬ​គ្រួសារ                   បើ​ក្រពះ​ផ្សារ​ស្ទើរ​ក្សិណក្ស័យ។
៨.ចង់​តែ​រត់​គេច​ចាក​ទ្វីប​លោក          មាន​តែ​ទុក្ខ​សោក​តាម​ប្រល័យ
ប៉ុន្តែ​អាណិត​ប្អូនៗ​ថ្លៃ                         អាយុ​ក្មេង​ខ្ចី​មិន​ដឹង​ការ។
៩.រស់​នៅ​តាម​តែ​ព្រហ្មលិខិត              កំណត់​ជីវិត​ចិត្ត​ស្រី​បា
អភ័ព្វ​ខុស​គេ​ក្នុង​លោកា                      តើ​មាន​ស្រី​ណា​ដូច​ជា​ខ្ញុំ។
១០.ពេល​ខ្លះ​គេ​រំលោភ​បំពាន              ឲ្យ​ខ្ញុំ​ក្រំក្រៀម​ថ្នាក់​ស្រែក​យំ
ឱ​ជីវិត​អើយ​រង​ទារុណ                         តើ​នៅ​ជាតិ​មុន​ខ្ញុំ​សាង​អ្វី?
១១.បាន​តែ​ជាតិ​នេះ​ជួប​តែ​កម្ម            គ្មាន​បាន​ស្រាកស្រាន្ត​កាយ​ល្ហិតល្ហៃ
តើ​ឯ​ណា​ទៅ​ត្រង់​អត្ថន័យ                   ខ្លឹម​សារ​តម្លៃ​នៃ​ជីវិត?
១២.ជំងឺ​ព្យាធិ​តាម​បៀតបៀន            រុក​រាន​រូប​កាយ​ក្លាយ​រួម​រឹត
កំព្រឹង​កំព្រា​វេទនា​ចិត្ត                         សំណោក​ជីវិត​ចិត្ត​ខ្លោចផ្សា។
១៣.សូម​អ្នក​ប្រហារ​កាយ​ខ្ញុំ​ទៅ          មិន​ចង់​រស់​នៅ​ក្នុង​លោកា
លោក​នេះ​ពោរពេញ​ដោយ​ទុក្ខា         លំបាក​ហួស​ថា​ម្ល៉េះ​ព្រះ​អើយ។
១៤.នេះ​ហើយ​ជីវិត​ស្រី​រាំ​បារ              គ្មាន​បាន​សុខា​ម្តង​ណា​ឡើយ
ធ្វើ​ម្ដេច​ជាតិ​នេះ​ហួស​ទៅ​ហើយ        បើ​មាន​ជាតិ​ក្រោយ​កុំ​ឲ្យ​យល់។
១៥. កុំ​ឲ្យ​មាន​រឿង​ដូច​នេះ​ឡើយ        សូម​ខ្ញុំ​បាន​ល្ហើយ​កុំ​ឲ្យ​ខ្វល់
ប្រសិន​បើ​មាន​កើត​អំពល់                  ឱ​ព្រះពាយ​ខ្យល់​បក់​ឲ្យ​ឆ្ងាយ។
១៦.ខ្ញុំ​សូម​រៀបរាប់​ប៉ុណ្ណឹង​ចុះ              បើ​សិន​មាន​ខុស​សូម​បរិយាយ
ជួយ​កែ​តម្រូវ​ផង​មិត្ត​អើយ                  សូម​លា​សិន​ហើយ​មួយ​គ្រា​សិន៕

ម្ចាស់​ស្លាប់​មុន​ប៉ុន្តែ​បទ​ចម្រៀង​រស់


ម្ចាស់​ស្លាប់​មុន​ប៉ុន្តែ​បទ​ចម្រៀង​រស់

2012-02-03
ដោយ វ៉ា ប៊ុណ្ណនី
(បទ​កាកគតិ​ធម្មតា)
១. បែប​បទ​ចម្រៀង                លន្លោច​សូរ្យ​សៀង    រណ្ដំ​ពីរោះ
កំណាព្យ​កាព្យឃ្លោង              លំដាប់​កិត្តិយស          សំដៅ​ឈាន​ឆ្ពោះ
បន្ថយ​ស្ត្រែះ​រោគ។
២. សាមុត​សុទ្ធា                      កម្ម​កាច​វេរា                បាន​លា​ចាក​លោក
ខ្មេះ​ខ្មោច​អាវ​ខ្មៅ                     អស់​ខ្មែរ​គគោក          ក្ដោប​ក្ដាប់​ជ័យជោគ
ទោស​ទុក្ខ​សាសន៍​ឯង។
៣.ប៉ែន រ៉ន សុស ម៉ាត់           អ៊ិន យ៉េង​បង់​បាត់       ណារី​ស្ញប់ស្ញែង
ហុក​សេង​ល្បីល្បាញ              ពេល​ច្រៀង​សម្ដែង     សំឡេង​អង្វែង
ខ្មែរ​ស្គាល់​ស្នាដៃ។
៤. ម្ចាស់​ស្លាប់​ចោល​បទ          ប្រជា​ប្រាកដ                ពីរោះ​សម័យ
ជាង​៥០​ឆ្នាំ                               សោភ័ណ​ថ្លាថ្លៃ           អាឡោះ​អាល័យ
ក្រអៅ​ក្រអួន។
៥.បទ​ស្លាប់​ចោល​ម្ចាស់           ណាយ​ប្រាកដ​ណាស់ ត្បិត​មិន​មាំមួន
មួយ​ឆាវ​មួយ​ខែ                       យុវអង្រួន                    ទិញ​២ ៣ ៤
រលប់​រលាប។
៦. រត់​តាម​អ្នក​ស្ដាប់                ន័យ​មិន​ចំណាប់          ព្រឺ​សំឡេង​ព្រាប
ថ្ងូរ​ផង​រាប់​ផង                          ចុង​ជួន​ជ្រុះ​ជ្រាប          ដំណើរ​រោល​រាប
មិន​លង់​អារម្មណ៍។
៧. កើត​ភ្លែត​ស្លាប់​ភ្លាម            មិន​នៅ​ទីមទាម           ចាប់​ឆ្នោត​ច្រឡំ
ចាក់​ផ្សាយ​ចេញ​លក់              ហ៊ឺហា​ហាក់​ហំ           ស្អុះស្អាប់​តែ​ស្អំ
មនុស្ស​ទាន់​សម័យ។
៨. ម្ចាស់​ស្លាប់​បទ​រស់               មិន​ឈ្មុល​មាន​ឈ្មោះ    តម្លា​តម្លៃ
អាយុ​យូរ​ឆ្នាំ                             ទឹក​ដម​ទឹក​ដៃ               កេរកាល​កែច្នៃ
លន្លង់​ជាប់​ចិត្ត។
៩. ម្ចាស់​រស់​បទ​ស្លាប់               ដូច​ឃើញ​មាន​ស្រាប់   គ្មាន​អ្វី​ផ្ដេកផ្ដិត
ប្រៀប​ដូច​ជា​ផ្សែង                  ក្លិន​មិន​ឈ្ងុយ​ឆ្ងិត        អត្ថន័យ​កម្រិត
រស់​មិន​យូរ​ឡើយ៕

+រស់អាយវែងត្រូវមានន័យ ស្លាប់អាយុខ្លីត្រូវសំខាន់


រស់​អាយុ​វែង​ឲ្យ​មាន​ន័យ ស្លាប់​អាយុ​ខ្លី​ត្រូវ​សំខាន់
2012-01-31
និពន្ធ​ដោយ ផេង សូភ័ណ សហរដ្ឋ​អាមេរិក
១. ខ្លា​តោ​ពេល​ស្លាប់​គេ​យក​ស្បែក                 តុប​តែង​មួយ​ផ្នែក​ប៉ែក​រចនា
តាំង​តែង​លំអ​ក្នុង​ទិវា                                      សម្រាប់​ប្រជា​មើល​កម្សាន្ត។
២. ដំរី​យក​ភ្លុក​ទុក​តាំង​តែង                            លំអ​ផ្សេងៗ​ពេល​មាន​ការ
មាន​តូច​មាន​ធំ​ក្នុង​ពន្លា                                    ដល់​អ្នក​គ្រប់​គ្នា​ឲ្យ​បាន​យល់។
៣. ដំរី​តោ​ខ្លា​នាម​ជា​សត្វ                                ស្លាប់​ហើយ​មិន​បាត់​សល់​សំណៅ
ទោះ​បី​ខ្លួន​ស្លាប់​លា​លោក​ទៅ                          សំណាក​សល់​នៅ​ជា​សំគាល់។
៤. ដើម​ឈើ​យក​ខ្លឹម​មក​ចាត់ចែង                  គ្រឿង​សំអាង​តែង​ក្បាច់​រចនា
ជា​រូប​ចម្លាក់​ទូ​ថូផ្កា                                            តុ​គ្រែ​នានា​តាម​តម្រូវ។
៥. ទោះ​ជា​កាប់​ចាំង​បែង​ជា​កង់                        ឆ្លាក់​ឆ្វៀល​កោង​ត្រង់​ថែម​ដុស​ខាត់
គង់​សល់​ដើម​ដាន​មិន​សូន្យ​បាត់                     ឈើ​ខ្លឹម​ល្អ​ពិត​ដល់​អ្នក​ប្រើ។
៦. បក្សី​មាន​ស្លាប​អាច​ហោះ​ហើរ                   ចំណែក​ដើម​ឈើ​មាន​សំបក
មនុស្ស​មាន​ឆន្ទៈ​ពេល​កើត​មក                      ខិតខំ​រិះរក​គ្រប់​កិច្ចការ។
៧. ចុះ​បើ​អង្គ​អញ​ធាតុ​ជា​មនុស្ស                    យល់​ដឹង​ត្រូវ​ខុស​នោះ​យ៉ាង​ណា
មាន​អ្វី​បន្សល់​ផ្ដល់​លោកា                               ដូច​ដំរី​ខ្លា​តោ​ដើម​ឈើ។
៨. រស់​អាយុ​វែង​ឲ្យ​មាន​ន័យ                            ស្លាប់​អាយុ​ខ្លី​ត្រូវ​សំខាន់
កុំ​ស្លាប់​ដូច​ពស់​គ្រោះ​ឡាន​ជាន់                        អាយុ​វែង​គ្រាន់​ដូច​កង្កែប៕

Sunday, February 12, 2012

កំណាព្យថ្ងៃ១៤ កុម្ភៈ

១៤ កុម្ភៈ ១៤ ស្ដាយ

2012-02-10
និពន្ធ​ដោយ ស៊ុន ទ្រី និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ភាសាសាស្ត្រ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ។
១៤ កុម្ភៈ​ជាក់​បុណ្យ​ថ្មី  ​​​​​​​​​​​​​                        ១៤ សប្បាយ​គ្រប់ៗ​គ្នា
១៤ សប្បាយ​គ្រប់ៗ​គ្នា                         ១៤ ទិវា​ក្ដី​ស្រលាញ់។
១៤ សប្បាយ​លាយ​ភ័យភិត                 ១៤ ជីវិត​សែន​ក្នក់ក្នាញ់
១៤ អស្ចារ្យ​ជាង​សាមញ្ញ                     ១៤ ស្រលាញ់​មាន​រស្មី។
១៤ បើក​ចិត្ត​សិទ្ធិ​ស្នេហា                     ១៤ ជូន​ផ្កា​ដោយ​ភក្ដី
១៤ ផ្ការីក​តាម​វិថី                               ១៤ ប្រុស​ស្រី​ថ្លែង​ពី​ចិត្ត។
១៤ បុណ្យ​ថ្មី​ចូល​កម្ពុជា                       ១៤ គ្រប់គ្នា​ថ្លា​ជីវិត
១៤ លយឆាយ​ស្ទើរ​លែង​គិត               ១៤ បើក​ចិត្ត​ប្រាប់​លោកា។
១៤ ស្រីៗ​រំពៃ​ចាំ​ជង់                            ១៤ ឱន​អង្គ​ជ្រក​អាត្មា
១៤ សប្បាយ​ភ្លេច​កាយា                       ១៤ មន្ត​ផ្កា​ប្រហារ​បរិសុទ្ធ។
១៤ មាន​ល្បិច​លាក់កំណួច                  ១៤ កំហូច​គួរ​តក់ស្លុត
១៤ ប្រុស​ព្រាន​រង់​ដុត                         ១៤ បរិសុទ្ធ​នាង​នារី។
១៤ ផ្អែម​ណាស់​ផ្កា​មួយ​ទង                  ១៤ រំលង​ប្រពៃណី
១៤ ប្រុស​ខ្លះ​ចាំ​តែ​ស៊ី                           ១៤ យំ​ហ៊ី​សែន​សោកស្ដាយ។
១៤ ខែ​ពីរ​គេ​ស៊ី​ស៊ីន                           ១៤ ដូច​មីន​កម្ទេច​កាយ
១៤ ឃោរឃៅ​លែង​និយាយ                ១៤ ទំនាយ​ទាយ​អាស្រូវ។
១៤ ផុត​ហួស​ជួស​មិនបាន                    ១៤ សុខសាន្ត​ផុត​បាត់​ទៅ
១៤ បាន​អ្វី​ជួស​កាយ​ពៅ                      ១៤ ទុក្ខ​នៅ​ក្ដី​ខ្វល់ខ្វាយ។
១៤ គួរ​គិតពិចារណា                           ១៤ នេះ​ណា​បុណ្យ​ពី​ឆ្ងាយ
១៤ ស្រុក​គេ​មិន​ចំណាយ                    ១៤ ចិត្ត​កាយ​ដូច​យើង​ទេ។
១៤ ស្រុក​គេ​គឺ​ស្រលាញ់                     ១៤ មិន​ចាញ់​គូ​ទាំង​ទ្វេ
១៤ ស្រលាញ់​មិន​រើស​ទេ                   ១៤គេ​ស្នេហ៍​គ្រប់​ក្មេង​ចាស់។
១៤ ស្រី​អើយ​គួរ​ចាំ​ទុក                        ១៤ ទំនុក​ដល់​ចំណាស់
១៤ ថែ​កាយ​កុំ​ផ្ដេសផ្ដាស                     ១៤ គួរ​ខ្មាស​ខ្លួន​ជា​ស្រី។
១៤ ថែ​ព្រហ្មចារី​ខ្លួន                             ១៤ គួរ​ស្ងួន​ខ្លួន​អោយ​ថ្លៃ
១៤ លូន​ក្រាប​លោក​ដោយដៃ              ១៤ អោយ​ថ្លៃ​ដល់​មេបា។
១៤ គួរ​គិត​យើង​ជា​ខ្មែរ                       ១៤ គួរ​ថែ​ជាតិ​ខេមរា
១៤ គោរព​ដល់​ដូនតា                         ១៤ រៀបការ​សុំ​បូជា។
១៤ សុំទោស ១៤ ជូនពរ
១៤ ចុងក្រោយ​សុំ​អភ័យ                      ១៤ សំដី​លើស​យ៉ាងណា
១៤ វន្ទា​ទាំង​កាយា                                ១៤ ករុណា​ខ្ញុំបាទ​ផង។
១៤ សុំ​សុខ​ដល់​គ្រប់គ្នា                        ១៤ សុំ​ជា​សុខ​បំណង
១៤ ពណ្ណរាយ​ដល់​ប្អូន​បង                   ១៤ សុខ​ផង​តទៅ​អើយ៕

Saturday, February 11, 2012

The Greening-of-Whitney-Brown

The Greening of Whitney Brown

ទាញយកត្រង់នេះ បន្ទាប់មកសូមចុចសញ្ញាខ្វែងដើម្បីមើល ឬដោនឡូតបាន!

All Khmer Unicode Fonts

ប្រសិនបើលោកអ្នកមិនមានAll Khmer Unicode Fontsសូមចុចត្រង់នេះ ដើម្បីតម្តើង និងអានបាន!

Ramayana - The Epic