Tuesday, March 6, 2012

បទសរភញ្ញ


បទសរភញ្ញ

១.សូមថ្វាយបង្គំព្រះសម្ពុទ្ធ                    ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា                     ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។
ចង្អុលឱ្យដើរផ្លូវកណ្តាល                       មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃឱ្យខ្ចាយខ្ចាត់                    អាចកាត់សង្សារទុក្ខបាន។
២.សាសនាព្រះអង្គនៅសព្វថ្ងៃ             សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន              កាន់តាមលំអានបានក្តីសុខ។
ឥតមានសុខណាស្មើក្តីស្ងប់                  បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ                    ក្តីសុខនឹងមានព្រោះធម៌ស្ងប់។
៣.ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌                     ព្រះសង្ឃបរវរទាំងគ្រប់សព្វ
រួមជាត្រៃរតន៍គូរគោរព                          ជាម្លប់ត្រជាក់នៃលោកា។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ                      វិសុទ្ធតាំងអង្គព្រះសាស្តា
សូមគុណត្រៃរតន៍ជួយខេមរា                ឱ្យបានសុខាតរៀងទៅ។

ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត)។

No comments:

Ramayana - The Epic