Saturday, February 4, 2012

កំណាព្យខ្មែរមានពូជ!​(ភិក្ខុ ងិន ភេន)


កំណាព្យ
ស្រឡាញ់ជាតិខ្មែរ
&0'

ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                     កេរពីដូនតាទុកឲ្យគង់វង្ស
ដែលលោកខំសាងដោយក្តីផ្ចិតផ្ចង់            មិនឲ្យបាត់បង់ត្រង់ណាមួយសោះ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    អ្នកមានប្រាជា្ញចេះដឹងឥតខ្ចោះ
គេបានសិក្សាសព្វសិល្ប៍ទាំងអស់             លោកអ្នកប្រាជ្ញនោះជួយសាងជាតិយើង។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    នគរវត្តវ៉ាឲ្យចម្រើនឡើង
ទៅទន្ទឹមគ្នាទាំងពីររុងរឿង                       ប៉ុន្តែពួកយើងទុកជាតិជាធំ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    ធម៌៤ប្រការលោកហៅថាព្រហ្ម
ទោះបីអ្នកតូចឬមួយអ្នកធំ                        ត្រូវមានធម៌ព្រហ្មវិហារធំបំផុត។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    អប់រំបញ្ញាចិត្តថ្លាបរិសុទ្ធ
ដឹងខុសដឹងត្រូវបញ្ញាភ្លឺមុត                       អាចនាំឆ្លងផុតក្តីទុក្ខក្តួលក្តៅ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    ទម្លាប់ដូនតាបំបួសកូនចៅ
អប់រំឲ្យឆ្អិនកុំឲ្យនៅឆៅ                            ពេលប្រើការទៅបានផលប្រចក្ស។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    និយមអាហារសម្លៀកបំពាក់
និងប្រពៃណីថ្លៃថ្លាអនគ្ឃ                         ខ្មែរត្រូវរួមរក្សាទុកឲ្យល្អ។
ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា                    រួមជាតិខេមរាឲ្យមូលកុះករ
នាំគ្នាសាងជាតិឲ្យថ្កើងបវរ                       ល្បីដូចអង្គរខ្ចាយខ្ចរគ្រប់ទិស៕



ពូជ គឺ គំនិត
&0'
                                   
ពូជ គឺ គំនិត និងចំណេះ                   វិជ្ជាវិសេសល្បីអស្ចារ្យ
កសាងប្រាង្គប្រាសាទសិលា                       វប្បធម៌ថ្លៃថ្លា...ចរិយាខ្មែរ។
កូនចៅជាន់ក្រោយកុំព្រងើយ                   របស់មានហើយត្រូវជួយថែ
ចេះកសាងខ្លួនខ្លាំងពូកែ                          កុំឲ្យចាញ់គេជាតិដទៃ។
អ្វីដែលនៅខ្វះមិនទាន់មាន                      ត្រូវតែខំរៀនគិតលកលៃ
ធ្វើឲ្យកើតឡើងទើបផុតភ័យ                    ពឹងជាតិដទៃមិនស្រួលទេ។
អ្វីដែលមិនល្អឬមិនសម                          ត្រូវតែកែផ្សំខំងាករេ
កែច្នៃឲ្យល្អមាំស្ថិតស្ថេរ                            ពេញនិយមគេត្រូវការវិញ។
អ្វីដែលអាក្រក់ខូចប្រយោជន៍                   នាំឲ្យហិនហោចគ្មានចំណេញ
ត្រូវតែលះបង់វាចោលចេញ                     ស្វែងរកថ្មីវិញកុំអាល័យ។
យើងកសាងជាតិត្រូវសាមគ្គី                    រួបរួមមូលមីរថែតម្លៃ
វប្បធម៌ជាតិយើងឲ្យថ្លាថ្លៃ                        នឹងនាំគ្នាច្នៃលូតខ្ពស់ឡើង។
កុំឈ្លោះទាស់ទែងបាក់បែកគ្នា                  ជាតិកម្ពុជាយើងមិនថ្កើង
មេត្តាករុណាគ្នាច្រើនឡើង                       ទើបជាតិយើងថ្កើងឡើងវិញបាន។
បងប្អូនខ្មែរអើយភ្ញាក់រលឹក                       គគ្រេងគគ្រឹកកុំបីខាន
កសាងការពារជាតិឲ្យបាន                      កម្ពុជាក្សេមក្សាន្តអង្វែងទៅ៕                                                                                                                  
ភិក្ខុ ងិន ភេន

កំណាព្យ
&0'

          ជាពាក្យរំលឹកដាស់តឿនខ្លីៗ សេចក្តីចប់ក្នុងឃ្លាក្រុមខ្លួន មិនបាច់មានចុងចួនទៅ ឃ្លាមួយទៀតទេ។

១-កុំស៊ីសប្បាយតែពួកគ្នាឯង                             ត្រូវចេះគិតក្រែងដល់ខ្មែរគ្រប់គ្នា
រាស្រ្តខ្មែរមានទុក្ខពេញកម្ពុជា                             ត្រូវតែជួយគ្នាឲ្យបានសុខផង។
២-យកសម្បត្តិជាតិធ្វើសម្បត្តិខ្លួន                        គប់គិតនឹងយួនសត្រូវសួពូជ
លក់លួចទ្រព្យជាតិវិនាសហិនហោច                    ជាពួកកំហូចក្បត់ជាតិផងខ្លួន។
៣-កុំស៊ីច្រើនពេកប្រយ័ត្នបែកពោះ                      កេរ្តិ៍មិនពីរោះជាប់ដល់កូនចៅ
ជាតិស្គមរីងរៃរាស្រ្តរឹតតែក្តៅ                              ទាំ្រលែងបានទៅប្រយ័ត្នតាយហោង។
៤-ព្រោះតែរឿងស្រីអស់ទឹកដីជាតិ                       គំនិតមារយាទអន់ជាងតិរច្ឆាន
សត្វមិនដូរដីព្រោះស្រីកល្យាណ                         ដើម្បីឲ្យបាននំអាកោគេ។
៥-សំណូកសូកប៉ាន់កិបកេងប្រវ័ញ្ច                      គេគាបចម្រាញ់សូម្បីអ្នកក្រ
គ្នាខ្វះសព្វគ្រប់តាំងពីអង្គរ                                  គួរតែមានធម៌មេត្តាគ្នាផង។
៦-អ្នកស៊ីសំណូកទុកដូចជាក្បត់                          ព្រោះមិនម៉ត់ចត់ខ្វះក្តីស្មោះត្រង់
ត្រូវដាក់ទោសធ្ងន់ឬកំចាត់បង់                            ដើម្បីតម្រង់សង្គមជាតិយើង។
៧-កុំអាងពូកែគេចពីច្បាប់រដ្ឋ                              តែគេចមិនផុតពីច្បាប់នៃកម្ម
ទោះបីអស់ពេលយូរអង្វែងឆ្នាំ                             គង់តែផលកម្មតាមទាន់ពុំខាន។
៨-កុកភ្លេចគិតជង់ព្រោះចង់បានត្រី                      ជង់ដេកនៅដីឥតភ្លេចកុកទេ
បើកម្មមកដល់កុកអើយកុំរេ                                មិនរួចខ្លួនទេព្រោះមើលងាយជង់។
៩-ស្រឡាញ់យសសក្តិហើយនិងប្រាក់មាស          ភ្លេចអស់ខ្មែររាស្ត្រជាតិរបស់ខ្លួន
ចោលសាច់យកឆ្អឹងទៅពឹងសៀមយួន                 ពិតពុំរួចខ្លួនត្រូវភ្ញាក់រលឹក។
១០-ល្បែងអបាយមុខពាលាស្រាស្រី                   ល្បែងភ្នាល់អ្វីៗមិនល្អទាងអស់
ត្រុជៀសឲ្យឆ្ងាយកុំលេងឲ្យសោះ                        ព្រោះល្បែងអស់នោះនាំឲ្យហិនហោច។
១១-សុខចិត្តស្លាប់ខ្លួនកុំឲ្យជាតិស្លាប់                   ទោះបីគេកាប់ដូចលោកសឺនគុយ
រស់បំផ្លាញជាតិមានតែក្លិនស្អុយ                         ស្លាប់ដូសឺនគុយក្រអូបច្រាសខ្យល់។
១២-សុខចិត្តស្លាប់ខ្លួនកុំឲ្យជាតិស្លាប់                    តស៊ូចាក់កាប់ទាំងក្មេងទាំងចាស់
មិនត្រូវសុំរស់ធ្វើខ្ញុំកញ្ជះ                                    ថោកទាបខ្លាំងណាស់ស្លាប់ប្រសើរជាង។
១៣-បើជាតិយើងរស់អ្វីៗក៏រស់                           បើជាតិយើងអស់អ្វីៗក៏ស្លាប់
វប្បធម៌សាស្នាគង់តែឱនអាប់                             មិនយូរមិនឆាប់ស្លាប់អស់រលីង។
១៤-ស្រឡាញ់ជាតិខ្មែរត្រូវតែការពារ                   លះទ្រព្យនានាសូម្បីជីវិត
ឲ្យតែជាតិខ្លួនឯងសុខចិត្ត                                  សូម្បីជីវិតក៏ហ៊ានពលី។
១៥-ស្រឡាញ់ជាតិខ្មែរត្រូវថែវប្បធម៌                   កេរតំណែលល្អតពីដូនតា
ទប់ទល់វប្បធម៌បរទេសពាលា                            យើងកុំនំាវាចូលមកស្រុកយើង។
១៦-ស្រឡាញ់ជាតិខ្មែរត្រូវថាខ្លួនខ្មែរ                   កុំខំគេចកែថាសែចិនយួន
ពួកស្អប់មួកណាស់ស្រឡាញ់តែដូន                    យើងត្រូវភ្ញាក់ខ្លួនទាត់វាចោលទៅ។
១៧-ស្រឡាញ់ជាតិខ្មែរត្រូវតែខំគិត                     កែច្នៃប្រឌិតខំគិតជានិច្ច
គិតហើយខំធ្វើមិនដែលមានភ្លេច                        ខ្មែរល្បីពឮលេចព្រោះគិតធ្វើល្អ។
១៨-ស្រឡាញ់ជាតិខ្មែរត្រូវនិយមខ្មែរ                   កុំគិតងាកបែររកតែបរទេស
ទុករបស់ខ្មែរឲ្យនៅក្រៀមផ្អេះ                            អំពើបែបនេះមិនសមជាខ្មែរ។
១៩-ស្រឡាញ់ជាតិខ្មែរកុំសាងអាក្រក់                  អ្វីនាំឲ្យល្អក់សៅហ្មងជាតិយើង
សាងតែរឿងល្អបវរថ្កុំថ្កើង                                  កេរ្តិ៍ឈ្មោះរុងរឿងសាយសព្វទិសា។
២០-រឿងអាក្រក់ចាស់ត្រូវបំបាត់ចោល                 កុំយកមកពោលមកបដិបត្តិ
កប់វាឲ្យជ្រៅទុកនៅស្ងៀមស្ងាត់                         យូរទៅរសាត់បាត់បង់ទៅឯង៕
                  
                                                                                      ភិក្ខុ ងិន ភេន


No comments:

Ramayana - The Epic