Sunday, March 11, 2012

ច្បាប់


ច្បាប់
-ច្បាប់ជាជញ្ជីងថ្លឹងយុត្តិធម៌
ជាពណ៌បរិសុទ្ធនៃជនប្រុសស្រី
ច្បាប់ជាខ្លឹមសារចារចែងសេចក្តី
ដើម្បីប្រយោជន៍ដល់មនុស្សគ្រប់គ្នា ។
-ច្បាប់មិនសម្រាប់ឱ្យជនខិលខូច
បង្វិលអត្ថន័យគៃកេងទ្រព្យា
ច្បាប់ជាចំណងចងជាមាគ៌ា
កុំឱ្យយាយីលើអ្នកដទៃ ។
-ច្បាប់ជាកញ្ចក់ឆ្លុះរាល់ទោសា
គ្មានបុគ្គលណាអាចកែបំភ្លៃ
បំផ្លើសបំពានបំភ័ន្តបំភ័យ
ក្នុងន័យបន្លំដើម្បីប្រាក់លាភ ។
-ច្បាប់ជាក្រមក្រឹត្យរឹតចងជនល្មើស
ឥតរើសឋានៈតូចធំខ្ពស់ទាប
ចាប់រែងចែងចាស់រឹងជាងដង្កៀប
មួលគ្រីបរឹបកៀបជនប្រព្រឹត្តផ្ទុយ ។
-ច្បាប់មិនសំរាមឬជាធូលី
មិនអាចជាន់ឈ្លីឈ្លេចដូរនឹងលុយ
ច្បាប់មិនសម្រាប់ក្តិចធ្វើជានុយ
បិតសន្ទូចយកលុយដាក់ក្នុងហោប៉ៅ ។
-ច្បាប់មិនសម្រាប់ឱ្យបុគ្គលណា
យកលេសមាត្រាការពារពូជផៅ
ស៊ុំគ្រលុំបក្ខពួកញាតិមិត្តកូនចៅ
បិទបាំងពណ៌ខ្មៅឱ្យទៅជាស ។
-ច្បាប់សម្រាប់ការពារជនស្លូតត្រង់
ថ្លៃថ្នូរផូរផង់ធ្វើអំពើល្អ
ច្បាប់មិនប្រកាន់អ្នកមានឬក្រ
ច្បាប់ជាឧបករណ៍សម្រាប់កាត់ទោស ។
(ពៅ សុខ)

No comments:

Ramayana - The Epic