Sunday, March 11, 2012

អង្វរចិត្ត!


អង្វរ​ចិត្ត​
-​រាគៈ​ទោសៈ​មោហៈ​ក្តៅ​
​ឃើញ​ស​ថា​ខ្មៅ​ឈឺ​ថា​ជា​
​កិលេស​តណ្ហា​ថា​ធម្មតា​
​មច្ឆា​ផ្តន្ទា​ថា​ថ្លៃថ្លា ។​
-​ជីវិត​ជា​គ្រឿង​ដុត​កម្តៅ​
​ដោយ​ភ្លើង​កម្លៅ​ត្រេក​កា​មា​
​បញ្ឆោះ​ភ្នក់​ឆាប​មហិច្ឆតា​
​ឆេះ​ព័ទ្ធ​លោកា​គ្មាន​ប្រណី ។​
-​អំណាច​ពេញដៃ​ក្លាយ​ផ្តាច់ការ​
​ឈ្នានីស​ហិង្សា​ថា​សេរី​
​ចិត្ត​គ្មាន​ស្មោះត្រង់​ថា​ភក្តី​
​ធ្វើ​អ្វី​ឱ្យ​ល្បី​ធ្វើ​តាមចិត្ត ។​
-​ផ្តល់​សិទ្ធិ​ចិត្ត​រឹត​បង្ហាញ​ច្បាស់​
​ផ្តេសផ្តាស​តែ​អ្វី​ខាង​គាប​ត្បិត​
​ខ្លួន​ទាប​ចិត្ត​លូត​ហួស​កម្រិត​
​ស្នេហ៍ស្និទ្ធ​សាង​បាប​ថា​មេត្តា ។​
-​ល្បិច​ល្បួង​រក​លេស​ច្រើន​ហួស​ល្បុង​
​​បិទបាំង​ជិតស្លុង​ខ្វាក់​នេត្រា​
​ឃុបឃិត​ពង្វក់​ឈ្លក់​បញ្ហា​
​នរណា​រស់​ស្លាប់​កុំ​ខ្ចី​ខ្វល់ ។​
-​អ្វី​ចុះ​ឱ្យតែបាន​អញ​ខ្ពស់​
​ចន្ទល់​ស័ក្តិយស​ឡើង​ច្រាសខ្យល់​
​មាន​លុយ​ចេញចូល​ឥត​កង្វល់​
​ខ្វះ​លុយ​កុំ​ឆ្ងល់​ចេញ​ឱ្យ​ឆ្ងាយ ។​
-​រាគៈ​ទោសៈ​មោហៈ​ក្តី​
​ឋានសួគ៌​លោកិយ​ថ្មី​សប្បាយ​
​អំណាច​ឆ្ងាញ់​ណាស់​គ្មាន​ខ្វល់ខ្វាយ​
​​ហ៊ឺហា​ឆើតឆាយ​គ្រប់ទិសទី​...​។​
-​ចិត្ត​គិត​ច្នោះ​គួរ​អនិច្ចា​!​
​សេចក្តី​ទុក្ខា​ពុំ​ផុតពី​
​រាគៈ​ទោស​មោហ៍​អគ្គី​
​ឆាបឆេះ​ជាន់ឈ្លី​ភ្លេច​ពាក្យ​បន់ ។​
-​ឱ​!​ចិត្ត​ឈប់​លោភ​ហួសពេក​ពិត​
​ក្រែងលោ​ជីវិត​គ្រោះអាសន្ន​
​សូន្យ​រូប​សូន្យ​ចិត្ត​អ្វី​ឆ្អែតឆ្អន់​?​
​សូម​បន់ព្រះ​ជួយ​អង្វរ​ចិត្ត​...​។​
ឡេវ កក្កដា

No comments:

Ramayana - The Epic