Sunday, March 11, 2012

ឪ​ខ្ញុំ​គាត់​ថា​


ឪ​ខ្ញុំ​គាត់​ថា​
​កូន​មាសឪពុក​ទាំង​តូចធំ​
​កូន​អើយ​មក​ជុំ​ស្តាប់​ឪ​ថា​
​ពីមុន​ព្រំដែន​ខណ្ឌសីមា​
​ខេមរា​ធំ​ណាស់​មិនតូច​ល្អិត ។​
​តែ​ដោយ​ល្បិចកល​ចោរ​ឈ្លានពាន
​​រុករាន​ឆក់​ប្លន់​ឱ្យ​រួម​ស្វិត​
​ស្ទើរ​ប៉ុន​បាតដៃ​សព្វថ្ងៃ​ពិត​
​នេះ​ព្រោះ​គំនិត​បែកសាមគ្គី ។​
​កូន​អើយ​បើសិន​អត់​ពី​ឪ​
​ប្រយ័ត្ន​សត្រូវ​ទាំង​មួយ​ពីរ​
​ដែល​ពួន​ចាំ​ឃ្លាំ​ខាំ​ធរណី​
​ហែក​ចែកគ្នា​ស៊ី​ធ្វើផោះ​គេ ។​
​សូម​កូន​កុំ​ធ្វេស​អ្នកជិតខាង​
​ក្អក​ក្អេង​ច្រៀង​ក្អាង​ត្មះ​ដៀល​ជេរ​
​ប្រមាថ​ជាតិ​យើង​មិន​ល្មម​ទេ​
​ព្រោះ​គេ​ឃើញ​យើង​ឈ្លើង​ជា​គ្នា ។​
​កូន​អើយ​តំណតទៅ​មុខ​
​មិន​ត្រូវ​ទុកចិត្ត​មិត្ត​ចិត្ត​មារ​
​វា​ប៉ែង​លេងល្បិច​ក្តិច​ជន្មា​
​យី​យាជាតិ​យើង​មិន​ឱ្យ​សុខ ។​
​គេ​ចង់​ជាន់​យើង​ធ្វើ​ចំណុះ​
​ខ្លុះ​ដឹកច្រមុះ​ចង​ស្រណុក​
​ឱ្យ​ខ្មែរ​រលាយ​រលត់​ស្រុក​
​នេះ​ហើយ​ទំនុក​បណ្តាំ​ឪ ។​
​គេ​មិន​សប្បាយ​ពេល​យើង​ល្អ​
​គេ​អរ​ពេល​យើង​មាន​សត្រូវ​
​គេ​ប្រឹង​ធ្វើខ្លួន​ជា​ដង្កូវ​
​ទោះ​ឈ្មោះ​អាស្រូវ​ក៏​មិន​ខ្មាស ។​
​គេ​ធ្វើ​យ៉ាងណា​ឱ្យ​យើង​បែក​
​បាក់​ជា​បំណែក​ឡែក​បំណះ​
​រួច​គេ​ធ្វើជា​អ្នក​ដេរ​ប៉ះ​
​ស្បែក​មុខ​គេ​ក្រាស់​ត្មះ​មិន​ឈឺ ។​
​កូន​អើយ​ចូរ​ចាំ​កុំបី​ភ្លេច​
​ខាងកើត​ខាងលិច​កូន​ធ្លាប់​ឮ​
​សុទ្ធសឹង​ដី​ខ្មែរ​ដែល​រន្ទឺ​
​កូន​អើយ​ឪ​ឈឺ​ព្រោះ​ស្តាយ​ដី ។​
​ឥឡូវ​គ្រានេះ​គេ​ឈ្លានពាន​
​ដោយ​កង​ទាហាន​ឈុត​ខ្មៅ​ថ្មី​
​អាវុធ​ទំនើប​ប៉ង​ក្រញ្ញី​
​វាត​យក​ទឹកដី​យើង​ទៀត​ហើយ ។​
​កូន​អើយ​មុន​ឪ​ស្លាប់​ទៅ​នេះ​
​កូន​ត្រូវ​ត្រិះរិះ​កុំ​កន្តើយ​
​ការពារ​ទឹកដី​ណា​កូនណើ​យ​
​កុំ​ឱ្យ​បាត់​ដី​យើង​ត​ទៀត ។​
​កូន​ត្រូវ​ក្លាហាន​ច្បាំង​ចាក់​កាប់​
​ស៊ូស្លាប់​ដើម្បី​ប្រទេសជាតិ​
​កុំឱ្យ​សត្រូវ​ប្រមាថ​ញាតិ​
​បើ​ក្ស័យ​ព្រោះ​ជាតិ​ជាតិ​សរសើរ ។​
ពៅ សុខ

No comments:

Ramayana - The Epic