ជម្ងឺធ្លាក់ស និងជម្ងឺរលាកទ្វារមាសកំពុងតែមានការរីករាលដាលយ៉ាងខ្លាំង ពេលនេះជម្ងឺនេះក៏បានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរសម្រាប់ស្ដ្រី ដូចជាធ្វើឱ្យឈឺចុកចាប់នៅខាងលើថ្ងាសទ្វារមាស ចុះទម្ងន់ អស់កម្លាំង ឧស្សាហ៍ងងឹតមុខ និងពិបាកនៅក្នុង ការរួមភេទជាដើម។ ជាពិសេសជម្ងឺទាំងនេះអាចឆក់យកជីវិតរបស់អ្នកជម្ងឺបានថែមទៀតផង បើសិនជាអ្នកជម្ងឺមានការធ្វេសប្រហែសមិនធ្វើការព្យាបាលទាន់ពេលវេលាទេនោះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា ស. អ រស់នៅទីក្រុងភ្នំពេញ អាយុ២៥ឆ្នាំ បានចែករំលែកបទពិសោធន៍ អំពីជម្ងឺធ្លាក់ស និងជម្ងឺរលាកទ្វារមាស ដើម្បីឱ្យស្ដ្រីគ្រប់រូបបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
កញ្ញា ស. អ បានរៀបរាប់ឱ្យដឹងថា នាងមិនដឹងថានាងកើតជម្ងឺនេះតាំងពីពេលណានោះទេ គ្រាន់តែចាប់អារម្មណ៍ ឃើញថាឈាមរដូវគឺមានក្លិនមិនល្អ ហើយមានធ្លាក់ទឹកសៗ ដែលកាលពីមុនមិនដែលធ្លាប់មានអាការបែបនេះឡើយ។ ដូចនេះហើយ ទើបធ្វើឱ្យនាង ស. អ សម្រេចចិត្ដមកជួបជាមួយអ្នកជំនាញ ហើយក៏បានពិនិត្យឃើញថានាងកើតមានជម្ងឺធ្លាក់ស និងជម្ងឺរលាក ទ្វារមាសកម្រិតស្រាល។ ឥឡូវនេះនាងកំពុងតែទទួលសេវាថែទាំសុខភាពនៅសមាគមសុខភាពគ្រួសារកម្ពុជារ៉ាក់។ កញ្ញា ស. អ បានរម្លឹកថា នាងតែងតែធ្វើការសម្អាតទ្វារមាសជានិច្ចមិនដែលធ្វេសប្រហែសឡីយ តែមិងដឹងជាមូលហេតុអ្វី ទើបបណ្ដាលឱ្យកើតមានជម្ងឺទាំងនេះ។











