Tuesday, March 6, 2012

បទសរភញ្ញ


បទសរភញ្ញ

១.សូមថ្វាយបង្គំព្រះសម្ពុទ្ធ                    ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្សនិងទេវតា                     ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។
ចង្អុលឱ្យដើរផ្លូវកណ្តាល                       មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃឱ្យខ្ចាយខ្ចាត់                    អាចកាត់សង្សារទុក្ខបាន។
២.សាសនាព្រះអង្គនៅសព្វថ្ងៃ             សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន              កាន់តាមលំអានបានក្តីសុខ។
ឥតមានសុខណាស្មើក្តីស្ងប់                  បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ                    ក្តីសុខនឹងមានព្រោះធម៌ស្ងប់។
៣.ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌                     ព្រះសង្ឃបរវរទាំងគ្រប់សព្វ
រួមជាត្រៃរតន៍គូរគោរព                          ជាម្លប់ត្រជាក់នៃលោកា។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ                      វិសុទ្ធតាំងអង្គព្រះសាស្តា
សូមគុណត្រៃរតន៍ជួយខេមរា                ឱ្យបានសុខាតរៀងទៅ។

ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត)។

បទដាក់ទង់ព្រះពុទ្ធសាសនា


*បទដាក់ទង់ព្រះពុទ្ធសាសនា
-ជាតិយើងអ្នកកាន់សាសនា                            ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី                                          គឺព្រះរស្មីទាំងប្រាំមួយពណ៌។
-ផ្សាយចេញពីព្រះកាយទ្រង់                             រុងរឿងឬទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ                           ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា។
-កំណើតនៃព្រះរស្មី                                           កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា                                        កាលដែលនៅជាព្រះពោធិសត្វ។
-រស្មីពណ៌ខៀវនោះណា                                    កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឱ្យទានដល់ឥន្ទព្រាហ្មណ៍ពិត                            កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ។
-រស្មីពណ៌លឿងភ្លឺថ្លា                                         កាលដែលទ្រង់អារសាច់ផែរធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស                                       ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។
-រស្មីក្រហមនោះណា                                        កាលដែលមាតាពស់ខាំស្លាប់ពត
បទុមស៊ូប្តូរជីត                                                  កាត់បេះដូងបិទធ្វើថ្នាំមាតា។
-រស្មីពណ៌សសុទ្ធសាធ                                     កាលជាព្រះវេស្សន្តរក្សត្រា
ឱ្យទានដំរីសសោភា                                         កាលព្រះប្រាថ្នារកពោធិញ្ញាណ។
-រស្មីពណ៌ដូចជើងហង្ស                                    កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ                                ឱ្យយក្សសាមាន្យស៊ីប្តូរជីវិត។
-រស្មីពណ៌ផ្លេកពណ្ណរាយ                                   កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឱ្យទានសាច់ឈាមជីវិត                                    ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ។
-រស្មីខៀវលឿងក្រហម                                      សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ                                         ក្មេងចាស់កុមារចង់ចាំទុកអើយ។
ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត)។

បទលើកទង់ព្រះពុទ្ធសាសនា


បទលើកទង់ព្រះពុទ្ធសាសនា
១. សូមមើលទង់ជ័យ                ឆព្វណ្ណរង្សី                                ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហម                     ព្រមទាំងពណ៌ស                      ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក។
២.ប្រទេសតួចធំ                      បានស្ម័គ្រស្មាគមន៍                   ជំនុំគ្នាច្រើនអនេក
ព្រមយករស្មី                             ព្រះពុទ្ធគួរត្រេក                         ប្រសើរពន់ពេកក្រៃកន្លង។
៣.ធ្វើជាសញ្ញា                        ទង់ជ័យសាសនា                     នៃព្រះសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នា                        យកចិត្តចាំចង់                          នឹកដល់ព្រះអង្គជាអម្ចាស់។
៤.ទោះជាតិផ្សេងគ្ន                   ក៏ត្រូវដឹងថា                              សុទ្ធសឹងតែជាពុទ្ធសាសន៍
ចូរយើងសាមគ្គី                        ទាំងក្មេងទាំងចាស់                   ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា។
៥.សូមសាសនាពុទ្ធ                  ថ្កុំថ្កើងបំផុត                              រុងរឿងវិសុទ្ធថ្លៃថ្លា
ហើយមានជ័យជោគ                ផ្សាយពេញលោកា                  ដោយជនជ្រះថ្លាច្រើនសែនលាន។
៦.មានចិត្តស្នេហា                     គោរពបូជា                               ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតា                    ស្នេហាគ្រប់ប្រាណ                   ប្រាថ្នាចង់បានសេចក្តីសុខ។
៧.យើងខេមរជាតិ                     នាំគ្នាខ្មីឃ្មាត                            កាន់ធម៌នឹងបានផុតទុក្ខ
រួបរួមសាមគ្គី                             ពីនេះទៅមុខ                            យើងនឹងបានសុខក្សេមក្សាន្តត្រាណ។
៨.ព្រមព្រៀងប្រព្រឹត្ត                 កាន់ធម៌សុចរិត                         ឆ្ពោះទៅកាន់ស្ថាននិព្វាន
ជាទីផុតទុក្ខ                              បានសុខក្សេមក្សាន្ត                  ជាតិយើងនឹងបានសោយសុខា។

ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី(ជួន ណាត)។

Ramayana - The Epic