*បទដាក់ទង់ព្រះពុទ្ធសាសនា
-ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌។
-ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឬទ្ធិរុងប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា។
-កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរា កាលដែលនៅជាព្រះពោធិសត្វ។
-រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ឱ្យទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្ត្រ។
-រស្មីពណ៌លឿងភ្លឺថ្លា កាលដែលទ្រង់អារសាច់ផែរធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាស ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត។
-រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពត
បទុមស៊ូប្តូរជីត កាត់បេះដូងបិទធ្វើថ្នាំមាតា។
-រស្មីពណ៌សសុទ្ធសាធ កាលជាព្រះវេស្សន្តរក្សត្រា
ឱ្យទានដំរីសសោភា កាលព្រះប្រាថ្នារកពោធិញ្ញាណ។
-រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណ ឱ្យយក្សសាមាន្យស៊ីប្តូរជីវិត។
-រស្មីពណ៌ផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឱ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ។
-រស្មីខៀវលឿងក្រហម សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចង់ចាំទុកអើយ។
ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី
(ជួន ណាត)។
No comments:
Post a Comment