2012-02-10
និពន្ធដោយ ស៊ុន ទ្រី និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ភាសាសាស្ត្រសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
១៤ កុម្ភៈជាក់បុណ្យថ្មី ១៤ សប្បាយគ្រប់ៗគ្នា
១៤ សប្បាយគ្រប់ៗគ្នា ១៤ ទិវាក្ដីស្រលាញ់។
១៤ សប្បាយលាយភ័យភិត ១៤ ជីវិតសែនក្នក់ក្នាញ់
១៤ អស្ចារ្យជាងសាមញ្ញ ១៤ ស្រលាញ់មានរស្មី។
១៤ បើកចិត្តសិទ្ធិស្នេហា ១៤ ជូនផ្កាដោយភក្ដី
១៤ ផ្ការីកតាមវិថី ១៤ ប្រុសស្រីថ្លែងពីចិត្ត។
១៤ បុណ្យថ្មីចូលកម្ពុជា ១៤ គ្រប់គ្នាថ្លាជីវិត
១៤ លយឆាយស្ទើរលែងគិត ១៤ បើកចិត្តប្រាប់លោកា។
១៤ ស្រីៗរំពៃចាំជង់ ១៤ ឱនអង្គជ្រកអាត្មា
១៤ សប្បាយភ្លេចកាយា ១៤ មន្តផ្កាប្រហារបរិសុទ្ធ។
១៤ មានល្បិចលាក់កំណួច ១៤ កំហូចគួរតក់ស្លុត
១៤ ប្រុសព្រានរង់ដុត ១៤ បរិសុទ្ធនាងនារី។
១៤ ផ្អែមណាស់ផ្កាមួយទង ១៤ រំលងប្រពៃណី
១៤ ប្រុសខ្លះចាំតែស៊ី ១៤ យំហ៊ីសែនសោកស្ដាយ។
១៤ ខែពីរគេស៊ីស៊ីន ១៤ ដូចមីនកម្ទេចកាយ
១៤ ឃោរឃៅលែងនិយាយ ១៤ ទំនាយទាយអាស្រូវ។
១៤ ផុតហួសជួសមិនបាន ១៤ សុខសាន្តផុតបាត់ទៅ
១៤ បានអ្វីជួសកាយពៅ ១៤ ទុក្ខនៅក្ដីខ្វល់ខ្វាយ។
១៤ គួរគិតពិចារណា ១៤ នេះណាបុណ្យពីឆ្ងាយ
១៤ ស្រុកគេមិនចំណាយ ១៤ ចិត្តកាយដូចយើងទេ។
១៤ ស្រុកគេគឺស្រលាញ់ ១៤ មិនចាញ់គូទាំងទ្វេ
១៤ ស្រលាញ់មិនរើសទេ ១៤គេស្នេហ៍គ្រប់ក្មេងចាស់។
១៤ ស្រីអើយគួរចាំទុក ១៤ ទំនុកដល់ចំណាស់
១៤ ថែកាយកុំផ្ដេសផ្ដាស ១៤ គួរខ្មាសខ្លួនជាស្រី។
១៤ ថែព្រហ្មចារីខ្លួន ១៤ គួរស្ងួនខ្លួនអោយថ្លៃ
១៤ លូនក្រាបលោកដោយដៃ ១៤ អោយថ្លៃដល់មេបា។
១៤ គួរគិតយើងជាខ្មែរ ១៤ គួរថែជាតិខេមរា
១៤ គោរពដល់ដូនតា ១៤ រៀបការសុំបូជា។
១៤ សុំទោស ១៤ ជូនពរ
១៤ ចុងក្រោយសុំអភ័យ ១៤ សំដីលើសយ៉ាងណា
១៤ វន្ទាទាំងកាយា ១៤ ករុណាខ្ញុំបាទផង។
១៤ សុំសុខដល់គ្រប់គ្នា ១៤ សុំជាសុខបំណង
១៤ ពណ្ណរាយដល់ប្អូនបង ១៤ សុខផងតទៅអើយ៕
No comments:
Post a Comment