| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | កេរពីដូនតាទុកឲ្យគង់វង្ស |
| ដែលលោកខំសាងដោយក្តីផ្ចិតផ្ចង់ | មិនឲ្យបាត់បង់ត្រង់ណាមួយសោះ។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | អ្នកមានប្រាជា្ញចេះដឹងឥតខ្ចោះ |
| គេបានសិក្សាសព្វសិល្ប៍ទាំងអស់ | លោកអ្នកប្រាជ្ញនោះជួយសាងជាតិយើង។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | នគរវត្តវ៉ាឲ្យចម្រើនឡើង |
| ទៅទន្ទឹមគ្នាទាំងពីររុងរឿង | ប៉ុន្តែពួកយើងទុកជាតិជាធំ។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | ធម៌៤ប្រការលោកហៅថាព្រហ្ម |
| ទោះបីអ្នកតូចឬមួយអ្នកធំ | ត្រូវមានធម៌ព្រហ្មវិហារធំបំផុត។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | អប់រំបញ្ញាចិត្តថ្លាបរិសុទ្ធ |
| ដឹងខុសដឹងត្រូវបញ្ញាភ្លឺមុត | អាចនាំឆ្លងផុតក្តីទុក្ខក្តួលក្តៅ។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | ទម្លាប់ដូនតាបំបួសកូនចៅ |
| អប់រំឲ្យឆ្អិនកុំឲ្យនៅឆៅ | ពេលប្រើការទៅបានផលប្រចក្ស។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | និយមអាហារសម្លៀកបំពាក់ |
| និងប្រពៃណីថ្លៃថ្លាអនគ្ឃ | ខ្មែរត្រូវរួមរក្សាទុកឲ្យល្អ។ |
| ស្រឡាញ់ពូជខ្មែរត្រូវថែរក្សា | រួមជាតិខេមរាឲ្យមូលកុះករ |
| នាំគ្នាសាងជាតិឲ្យថ្កើងបវរ | ល្បីដូចអង្គរខ្ចាយខ្ចរគ្រប់ទិស៕ |
No comments:
Post a Comment