ទឹកដីខេត្តបាត់ដំបង(កំណាព្យបទពាក្យ៧)
&Y'
បាត់ដំបង់ជាខេត្តមនោរម្យ ស្ថិតនៅម្តុំភូមិភាគពាយ័ព្យ
ដែនកម្ពុជាបរវរគាប់ ដែលរូបខ្ញុំធ្លាប់នឹកស្រមៃ។
ស្តាប់ចម្រៀងស៊ិនស៊ីសាមុត ចិត្តខ្ញុំស្រយ៉ុតនឹកអាល័យ
គិតថាបាត់ដំបងល្អប្រពៃ តាមអត្ថន័យចម្រៀងហ្នឹង។
ពេលដែលខ្ញុំបានមករស់នៅ នាគ្រាឥឡូវខ្ញុំបានដឹង
ឃើញបាត់ដំបងល្អអញ្ចឹង ភោគផលច្រើនម្លឹងមានពុំខ្វះ។
ផ្ទៃដីទូលាយមានជីជាតិ ប្រជាខ្មីឃ្មាតយ៉ាងរហ័ស
ដាំដុះភោគផលច្រើនស្អេកស្កះ ផ្តល់ផលច្រើនណាស់កសិកម្ម។
មានទាំងដូងក្រូចខ្នុរធូរេន សម្បូរមែនទែនផលដំណាំ
ពិសេសផលស្រូវកសិកម្ម ផ្តល់ជាប្រចាំឆ្នាំរដូវ។
ល្បីខ្លាំងណាស់ពេញកម្ពុជា ប្រាប់ជនគ្រប់គ្នាគ្រាឥឡូវ
ថាបាត់ដំបងល្អពេកកូវ យើងទាំងអស់ត្រូវទៅទស្សនា។
បបួលញាតិផៅពេញមួយឡាន ទៅលេងកំសាន្តបានស្រស់ថ្លា
នៅពេលទំនេរពីកិច្ចការ នាំឲ្យអាត្មាផុតកង្វល់។
ខ្ញុំលើកមកនេះពុំកុហក ផ្តល់ផលអាក្រក់កើតអំពល់
គ្រាអ្នកមកដល់នឹងបានយល់ ជាក់ច្បាស់គ្មានសល់លើសខ្ញុំប្រាប់។
លើកឡើងប៉ុណ្ណេះសូមអភ័យ ញាតិមិត្រប្រុសស្រីបានអាន-ស្តាប់
ព្រោះកវីខ្ញុំពុំចំណាប់ រៀបរាប់រ៉ាយរ៉ាប់បានល្អឡើយ។
ដោយ ឌន សាម៉ី
No comments:
Post a Comment