Monday, February 13, 2012

ដួងចិត្តសម្ងាត់


ដួងចិត្ត​សំងាត់

2012-02-07
ដោយ មៀច នាង សហរដ្ឋ​អាមេរិក
(បទ​កាកគតិ)
១. ពេល​ខ្ញុំ​ឃើញ​ស្រី                វង់ភក្ត្រ​ប្រិមប្រិយ         ដូច​ដួងព្រះចន្ទ្រ
ស្រី​ខ្មែរ​បវរ                              ចិត្ត​ខ្ញុំ​ជាប់​មន្ត              ស្នេហ៍​ស្រី​តូចតន់
ដក​ចិត្ត​ពុំបាន។
២. មិន​ហ៊ាន​វាចា                    ទៅ​កាន់​ជីវា                 ថា​រៀម​ស្ម័គ្រ​ប្រាណ
រួមរស់​នឹង​ស្ងួន                       លុះ​ដល់​អវសាន         ទោះ​រៀម​ក្ស័យ​ប្រាណ
ក៏​មិន​រុញរា។
៣. ហា​ស្ដី​មិន​រួច                     បាន​ត្រឹម​តែ​លួច         មើល​ស្ងួន​ពុំងា
តើ​កម្ម​អ្វី​ខ្ញុំ                                ដូច​មាន​វេរា                 ពេល​ជួប​ពុំងា
បាត់​អស់​ស្មារតី។
៤. កែវភ្នែក​មុត​ថ្លា                   សម្លឹង​កាលណា          រាម​ញ័រ​ហរទ័យ
ទ្រូង​ញ័រ​ស្ទើរ​ធ្លាយ                   ធ្លាយ​ធ្លាក់​ដល់​ដី          ស្រី​មាន​មន្ត​អ្វី
ម្ចាស់​ស្រី​សំឡាញ់?
៥. ទប់​ចិត្ត​មិន​បាន                  ញ័រ​អស់​អង្គប្រាណ     អង្គប្រាណ​បាន​ចាញ់
សម្រស់​ស្រី​ល្អ                          ថ្លែង​ស​បង់បាញ់          បង​ជាប់​សំណាញ់
ស្នេហ៍​ស្រី​ល្អឯក។
៦. ឱ​អង្គ​ខ្ញុំ​អើយ                       តើ​ពេលណា​ឡើយ     ទើប​កម្ម​ឈប់​ជ្រែក
ឲ្យ​ចេញ​វាចា                           រក​ស្រី​ល្អឯក                ថា​ខ្ញុំ​ពន់​រែក
ស្នេហ៍​ស្រី​ម្នាក់ឯង។
៧. នាង​មិន​ដឹង​ខ្លួន                   ខ្ញុំ​ទុក្ខ​រឹត​ផ្ទួន                 ស្ទើរ​ឆ្កួត​វង្វេង
សញ្ជឹង​ក្នុង​ចិត្ត                         ថា​ឱ​ស្រី​ក្មេង                តើ​ជា​គូព្រេង
ឬ​ក៏​យ៉ាងណា?
៨. បែរបន់​បួងសួង                  លើក​ហត្ថ​សំរួម          ឥន្ទ្រ​ព្រហ្ម​ទេវតា
ពន្យល់​ចិត្ត​ស្រី                         ថា​ខ្ញុំ​ស្នេហា                 តែ​កែវ​កនិដ្ឋា
ស្នេហា​បង​អើយ។
៩. ហាក់​គ្មាន​បាន​អ្វី                ព្រោះតែ​ស្រស់ស្រី       នៅ​ធ្វើ​ព្រងើយ
ស្ងួន​មិន​បាន​ដឹង                      ព្រលឹង​បង​អើយ          ទុក្ខ​បង​គ្មាន​ស្បើយ
ល្ហែល្ហើយ​ថ្ងៃ​ណា។
១០. លួច​ស្នេហ៍​លាក់​ទុក         គរ​ក្នុង​ជង្រុក                ជង្រុក​ស្នេហា
ពាក្យ​ស្នេហ៍​មួយម៉ាត់              មិន​ហ៊ាន​វាចា             ទៅ​រក​ជីវា
ឲ្យ​ស្រី​បាន​យល់។
១១. បាន​ត្រឹម​សម្លឹង                 រួច​គិត​សញ្ជឹង              ឲ្យ​ទ្រូង​ខ្វាយខ្វល់
តើ​ពេលណា​ទៅ                     ទើប​ពៅ​និមល            បាន​ដឹង​នឹង​យល់
យល់​ចិត្ត​រាម​រ៉ា។
១២. ខែ​មួយ​ផុត​ទៅ                 ឆ្លង​ដល់​រដូវ                 ប្រាំង​ចូល​វស្សា
ផុត​ទៅ​ដល់​ឆ្នាំ                         ទ្រូង​កម្ម​ខ្លោចផ្សា         លាក់​ចិត្ត​វាចា
ដួងចិត្ត​សំងាត់។
១៣. ចូល​ដល់​ឆ្នាំ​បី                  សម្រេច​ចិត្ត​ថ្មី              ថា​ចិត្ត​ត្រូវ​កាត់
និយាយ​នឹង​ស្រី                        ពី​ស្នេហ៍​សំងាត់           ទោះបី​ស្រី​បាត់
ស្រី​បាន​ទៅ​គេ។
១៤. ពេលនេះ​បាន​យល់         ដឹង​ថា​និមល                ព្រម​ដាក់​ទាន​ស្នេហ៍
ខ្ញុំ​បាន​ស្បើយ​ចិត្ត                    រឹត​ពី​បុព្វេ                     លក​លៃ​រិះរេ
និយាយ​នឹង​ម្ដាយ។
១៥. ម៉ែ​ពោល​ពាក្យ​ថា            ប្រុស​ស្ងួន​ពុំងា             បុត្រ​ថ្លៃ​ឆោមឆាយ
កូន​គេ​មន្ត្រី                              ឋានៈ​ហួស​ឆ្ងាយ          តើ​អ្នក​ឲ្យ​ម្ដាយ
ធ្វើអ្វី​នឹង​បាន?
១៦. គេ​មាន​ស័ក្ដិយស             ត្រកូល​គេ​ខ្ពស់             ណា​ប្រុស​កល្យាណ
ឯ​គ្រួសារ​យើង                         ទ្រព្យធន​ក៏​គ្មាន           ធ្វើ​ម្ដេច​ម្ដាយ​ហ៊ាន
តភ្ជាប់​និស្ស័យ?
១៧. ខ្ញុំ​មាន​ចំណេះ                   សូម​ម៉ែ​ត្រិះរិះ               គិត​សា​ជាថ្មី
ក្រែង​ប៉ា​នាង​ព្រម                    ទុក​ដាក់​កូន​ស្រី            ក្រែង​ភ័ព្វ​និស្ស័យ
ឱ​ណា​ម៉ែ​ណា!
១៨. ទ្រូង​ខ្ញុំ​ប្រេះ​ធ្លាយ               ដោយ​ដឹង​ឆោមឆាយ  ​​​​​ រង់​ថ្ងៃ​រៀបការ
នឹង​គេ​មន្ត្រី                              ក្នុង​ទូត​រាជការ             សែន​ស្ដាយ​ជីវា
ស្ដាយ​ពេញ​មួយជាតិ។
១៩. រឿង​ខ្ញុំ​រឿង​ពិត                 ញាតិ​អើយ​ជួយ​គិត    ខ្ញុំ​ធ្វើអ្វី​ទៀត
ចិត្ត​ស្នេហ៍​ស្ងួន​មួយ                 ស្នេហ៍​ពេញ​មួយ​ជាតិ  ឥឡូវ​ត្រូវ​ឃ្លាត
ឃ្លាត​មួយ​ជីវិត។
២០. សាង​ជីវិត​ថ្មី                     រត់ចោល​ទឹកដី             ព្រោះ​ស្នេហ៍​ស្រី​ពិត
ទោះ​នៅ​ឯនាយ                       ក៏​បង​នៅ​គិត               សាកសួរ​ញាតិមិត្ត
ពី​ស្រី​ជីវា។
២១. តើ​ស្ងួន​បាន​សុខ              ឬ​ស្ងួន​មាន​ទុក្ខ             រាល់​ទិន​ទិវា
ចិត្ត​បង​ពុំ​ស្ងប់                          គិត​ស្ងួន​គ្រប់​គ្រា          បើ​ស្ងួន​សុខ​ជា
បង​សប្បាយ​ក្រៃ។
២២. ឮ​ថា​ស្ងួន​សុខ                 រៀម​បាន​ស្បើយ​ទុក្ខ   ស្បើយ​ដួង​ហឫទ័យ
ធូរ​ចិត្ត​កង្វល់                           ខ្វាយខ្វល់​រាល់ថ្ងៃ         ស្រី​អើយៗ​ស្រី
សុខ​រហូត​ណា!
២៣. ជាតិ​នេះ​និស្ស័យ           ត្រឹម​លួច​ស្នេហ៍​ស្រី     ទុក​ក្នុង​ឱរា
បាន​ត្រឹម​មើល​អូន                  មើល​ស្ងួន​ពុំងា             មើល​ថ្លៃ​ជីវា
រៀបការ​នឹង​គេ។
២៤. តែ!ណ្ហើយ​ចុះ                 បង​ខំ​ប្រឹង​រស់               រស់​មើល​ស្រី​ស្នេហ៍
ខំ​ប្រឹង​ធ្វើការ                            រៀងរាល់​ថ្ងៃ​ខែ            ឲ្យ​ទ្រូង​បាន​ល្ហែ
ពី​ស្នេហ៍​ស្រី​ពៅ៕

No comments:

Ramayana - The Epic