បណ្ដាំម៉ែ
2012-01-28
និពន្ធដោយ យុន សុគុណ្ណា
១. នឹកស្រុកនឹកស្រែ នឹកពុកនិងម៉ែ ធ្លាប់ថែកូនស្ងួន
ពេលនេះរូបកូន បានឃ្លាតចាកខ្លួន ម៉ែលែងបានធួន
ថែកូនទៀតហើយ។
ថែកូនទៀតហើយ។
២. ទោះបីឃ្លាតឆ្ងាយ កូននឹកអ្នកម្ដាយ គ្មានពេលល្ហែល្ហើយ
បើបាននៅជិត នែបនិត្យកៀកកើយ កូននឹងបានស្បើយ
ល្ហើយពីទុក្ខា។
ល្ហើយពីទុក្ខា។
៣. បួនឆ្នាំកូនបែក នៅឆ្ងាយអនេក ឆ្ងាយពីមាតា
រៀននៅភ្នំពេញ ថ្នាក់បរិញ្ញា កូនខំសិក្សា
តាមបណ្ដាំម្ដាយ។
តាមបណ្ដាំម្ដាយ។
៤. ពាក្យពេចន៍ម៉ែផ្ដាំ កូននៅចងចាំ ចាំគ្មានរសាយ
ពេលខ្លះកូននឹក រលឹកអ្នកម្ដាយ ទឹកភ្នែកហូរខ្ចាយ
ព្រោះចាំពាក្យម៉ែ។
ព្រោះចាំពាក្យម៉ែ។
៥. ម៉ែថាកូនប្រុស ចេះដឹងត្រូវខុស ណាប្រុសមាសស្នេហ៍
មិនត្រូវប្រព្រឹត្ត ស្រាស្រីល្បែងល្បែ កូនចាំពាក្យម៉ែ
ជាក់ទុកក្នុងប្រាណ។
ជាក់ទុកក្នុងប្រាណ។
៦. ខំប្រឹងសិក្សា វិជ្ជាអស់អាថ៌ សាស្ត្រាជាស្ពាន
វាអាចចម្លង កូនបានសុខសាន្ត កូននឹងស្រាកស្រាន្ត
ព្រោះតែចំណេះ។
ព្រោះតែចំណេះ។
៧. វិជ្ជាជាទ្រព្យ ចាប់វាឲ្យជាប់ កុំអោយរបេះ
កូននឹងសោយផល ព្រោះតែតម្រិះ ជាយានជំនិះ
ជិះដល់អវសាន។
កូននឹងសោយផល ព្រោះតែតម្រិះ ជាយានជំនិះ
ជិះដល់អវសាន។
៨. ពេលពុកបែកទៅ ម៉ែថែកូនពៅ ដោយគ្មានស្រាកស្រាន្ត
ម៉ែធ្វើការងារ សព្វគ្រប់បែបយ៉ាង ទុកដាក់ចានក្បាន
និងការសព្វមុខ។
និងការសព្វមុខ។
៩. ម៉ែមិនដែលត្អូញ ចំពោះរូបកូន ទោះបីមានទុក្ខ
ម៉ែតែងញញឹម សង្ឃឹមទៅមុខ ថានឹងផុតទុក្ខ
ព្រោះកូនទាំងបី។
ព្រោះកូនទាំងបី។
១០. កូនសូមអរគុណ គុណម៉ែដែលធ្ងន់ ធ្ងន់ហួសវិស័យ
មិនអាចពណ៌នា អំពីតម្លៃ ពិសេសពេកក្រៃ
មិនអាចពណ៌នា អំពីតម្លៃ ពិសេសពេកក្រៃ
លើសអស់សាគរ។
១១. ក្នុងមួយជីវិត កូនមិនបំភ្លេច អ្នកម្ដាយបវរ
ព្រោះម៉ែមានគុណ ធ្ងន់លើសផែនថ្ម រាប់លានគីឡូ
ព្រោះម៉ែមានគុណ ធ្ងន់លើសផែនថ្ម រាប់លានគីឡូ
មិនអាចគណនា។
១២. ថ្ងៃនេះកូនអរ ព្រោះមានអំណរ សរសេរពណ៌នា
ពីបណ្ដាំម្ដាយ និងគុណមហិមា ដែលម៉ែពុះពារ
ពីបណ្ដាំម្ដាយ និងគុណមហិមា ដែលម៉ែពុះពារ
ដើម្បីរូបកូន៕
No comments:
Post a Comment