Monday, February 13, 2012

ទឹកចិត្តបងស្រី


ទឹក​ចិត្ត​បង​ស្រី

2012-02-10
ដោយ យុន សុគុណ្ណា
(បទ​ពាក្យ​ប្រាំពីរ)
១. ថ្ងៃ​នេះ​មេឃា​មាន​ដួង​ចន្ទ                មាន​ពណ៌​សុវណ្ណ​លើ​នភា
ចែង​ចាំង​ពន្លឺ​ជះ​ពសុធា                        រូប​ខ្ញុំ​កំព្រា​នៅ​ម្នាក់​ឯង។
២. នឹក​បង​ស្រី​ថ្លៃ​សំណព្វ​ចិត្ត              ប្អូន​ដឹង​ថា​បង​គិត​ចំបែង
វាចា​ដួង​ចិត្ត​ខ្ញុំ​សូម​ថ្លែង                        រឿង​រ៉ាវ​ជាក់​ស្ដែង​បង​ស្រី​ខ្ញុំ។
៣. យប់​ថ្ងៃ​បង​ខំ​គ្មាន​សម្រាក              ឲ្យ​បាន​ស្រាន្តស្រាក​ទុក្ខ​ក្រៀមក្រំ
បង​ប្រឹង​ខ្លាំង​ណាស់​ព្រោះ​រូប​ខ្ញុំ            ការងារ​តូច​ធំ​បង​ធានា។
៤. ឲ្យ​ប្អូន​ប្រុស​ស្ងួន​បាន​ចំណេះ           វិជ្ជា​តម្រិះ​ចេះ​គណនា
បងស្រី​សុខ​ចិត្ត​រង​វេទនា                     ឲ្យ​ប្អូន​ស្ងួនភ្ងា​បាន​សិក្សា។
៥. តាំង​ពី​ថ្នាក់​តូច​ដល់​ថ្នាក់​ធំ               ចាប់​ពី​មធ្យម​ដល់​មហា
ចប់​ថ្នាក់​បាក់​ឌុប​ចូល​បរិញ្ញា                បង​នឿយ​កាយា​ក៏​ស៊ូ​ទ្រាំ។
៦. ពេល​ខ្លះ​ធ្លាក់​ខ្លួន​មាន​ជំងឺ                 ខ្ញុំ​មិន​ដែល​ឮ​បង​រទាំ
ធ្វើ​ការ​ក្រោម​មេឃ​ភ្លៀង​ជោកជាំ       ក៏​បង​ស៊ូទ្រាំ​បាន​ទាំង​អស់។
៧. បង​មិន​បន្ទោស​រឿង​ខ្ញុំ​ធ្វើ              នូវ​រាល់​ទង្វើ​ខ្ញុំ​មាន​ខុស
បង​លើក​លែង​ទោស​ឲ្យ​ប្អូន​ប្រុស       ទោះ​បី​កំហុស​ប្អូន​ធ្ងន់ធ្ងរ។
៨. ពេល​ប្អូន​មក​រៀន​នៅ​ទីក្រុង          បង​ស្រី​ឆោមយង់​ស្រស់​បវរ
ខិតខំ​តាម​ប្អូន​ទាំង​ត្រដរ                       បង​ស្រី​ស្មោះ​ស​នឹង​ប្អូន​ប្រុស។
៩. បង​ខំ​ស្វែង​ការងារ​ធ្វើ                     ឲ្យ​ប្អូន​ជំទើរ​បាន​រៀន​ខ្ពស់
ទោះ​ការងារ​ខ្លះ​នាំ​អ័ព្ទ​យស                 បង​ស្រី​ឈ្មុលឈ្មុស​មិន​ដែល​ត្អូញ។
១០. ដោយសារ​តែ​រូប​ប្អូន​ប្រុស​មួយ    បង​ស្ទើរ​រលួយ​កាយ​ទ្រុឌទ្រោម
បងស្រី​សម្លាញ់​មិន​រញម                   ដើម្បី​រូប​ប្អូន​ប្រុស​ជីវ៉ា។
១១. បង​ថា​នែ​ប្អូន​ប្រុស​សម្លាញ់           បង​មិន​ចុះ​ចាញ់​រឿង​វាសនា
ទោះ​បី​យើង​ក្រ​ក្រពះ​ផ្សា                      ត្រូវ​ខំ​ប្រឹង​ណា​កនិដ្ឋា​បង។
១២. សុខ​ចិត្ត​អត់​ឃ្លាន​ឲ្យ​តែ​ពៅ         ប្អូន​ស្រស់​ឆោម​ឆ្លៅ​ពៅ​ស្នេហ៍​ស្នង
ប្អូន​ខិតខំ​រៀន​ណា​នួន​ល្អង                   កុំ​ធ្វើ​ឲ្យ​បង​រង​ទឹក​ភ្នែក។
១៣. បង​នឹក​ទៅ​ដល់​រឿង​បណ្ដាំ        ដែល​ម៉ែ​បាន​ផ្តាំ​យ៉ាង​ល្អ​ឯក
រឿង​មួយ​បង​ព្រួយ​សែន​សង្វេគ         ហៀប​ពេល​ម៉ែ​ចែក​ចាក​ឋាន​ទៅ។
១៤. មិន​ថា​ថ្ងៃ​យប់​ព្រឺ​រងា                     បង​ស្រី​ពុះពារ​រងា​ក្ដៅ
ឲ្យ​ប្អូន​បាន​ហូប​ឆ្អែត​ត្រឹមត្រូវ              មុន​ពេល​បង​ទៅ​ធ្វើ​កិច្ចការ។
១៥. ថ្ងៃ​មួយ​រញ្ជួយ​ចិត្ត​ស្ទើរ​ស្លុត         បង​ស្រី​កម្សត់​ប្រាប់​ប្អូន​ថា
បង​ជា​ស្រី​រាំ​នៅ​ក្នុង​បារ                        ឲ្យ​ទឹក​នេត្រា​ខ្ញុំ​ហូរ​ធ្លាក់។
១៦. ម្ដេច​បង​ស្រឡាញ់​ខ្ញុំ​ដល់​ម្ល៉េះ       ទ្រូង​ប្អូន​ស្ទើរ​ប្រេះ​ដោយ​អួលអាក់
មិន​គួរ​បង​យក​ខ្លួន​ជា​ធ្នាក់                    ឲ្យ​ប្អូន​ប្រុស​ម្នាក់​បាន​សិក្សា។
១៧. តើ​ដោយសារ​ខ្ញុំ​មែន​ឬ​អី              បាន​ជា​បង​ស្រី​រង​ទុក្ខា
ដើម្បី​រូប​ប្អូន​បង​ធ្វើការ                      ជា​អ្នក​រាំ​បារ​ពេល​រាត្រី។
១៨. ពេល​ដែល​ឮ​ភ្លាម​ខ្ញុំ​រន្ធត់              ដូច​ត្រូវ​ទឹក​ក្រុត​មក​ប្រល័យ
ជីវិត​កម្សត់​គ្មាន​និស្ស័យ                      អនិច្ចា​បង​ស្រី​របស់​ខ្ញុំ។
១៩. បង​អើយ​ទឹក​ភ្នែក​ប្អូន​ហូរ​ទៅ      ស្រក់​លើ​សៀវភៅ​កក​ដុំៗ
ធ្លាប់​តែ​សប្បាយ​ប្រែ​ក្រៀមក្រំ             អុះឱ! អារម្មណ៍​ហោះ​ទៅ​ណា។
២០. បងស្រី​កម្សត់​លើស​ជីវិត           មិន​គួរ​បង​គិត​ចិត្ត​មេត្តា
ព្រោះ​តែ​រូប​ខ្ញុំ​បង​ខ្លោចផ្សា                  បង់​រូប​កាយា​និង​កិត្តិយស។
២១. បង​ស្រី​តស៊ូ​ក្នុង​ជីវិត                   ឲ្យ​ប្អូន​ឆោម​ស្និទ្ធ​បាន​រៀន​រស់
ដោយ​បង​ចង់​ឲ្យ​ប្អូន​បាន​ខ្ពស់               ទោះ​បី​អ័ព្ទ​យស​បង​មិន​ថា។
២២. នេះ​ជា​ទឹក​ចិត្ត​នៃ​បង​ស្រី             ដើម្បី​ប្អូន​ថ្លៃ​ឆ្នៃ​កាយា
រៀន​សូត្រ​ដល់​ថ្នាក់​បរិញ្ញា                  សុខ​ចិត្ត​ធ្វើការ​ពេល​រាត្រី។
២៣. ពពក​រសាត់​លើ​វេហា              សូម​នាំ​វាចា​ប្រាប់​បងស្រី
ថា​ក្នុង​ជាតិ​នេះ​ប្អូន​គ្មាន​អ្វី                     សង​គុណ​បងស្រី​សម្លាញ់​ឡើយ។
២៤. អុះឱ! ទឹក​ភ្នែក​ឈប់​ហូរ​មក       ខ្ញុំ​មិន​ចង់​សោក​រឿង​ឥត​ស្បើយ
ឱ​បង​សម្លាញ់​ចិត្ត​ប្អូន​អើយ                 ម្តេច​ឡើយ​មក​រង​ទុក្ខ​គ្រាំគ្រា។
២៥. ដល់​ពេល​រៀន​ចប់​ខ្ញុំ​នឹង​ជួយ      បងស្រី​តែ​មួយ​ត្រួយ​ស្ងួនភ្ងា
ប្អូន​មិន​ឲ្យ​បង​រង​វេទនា                       ពាក្យ​គេ​និន្ទា​ដោយសារ​ខ្ញុំ។
២៦. ប្អូន​នឹង​ខំ​ប្រឹង​កសាង​ឈ្មោះ         រស់​មាន​កិត្តិយស​ក្នុង​សង្គម
នេះ​គឺ​ដោយសារ​បង​ឧត្ដម                  បង​ស្រឡាញ់​ខ្ញុំ​លើស​អ្វីៗ។
២៧. ប្រសិន​បើ​ខ្ញុំ​មាន​ជាតិ​មុខ             សូម​ឲ្យ​ជួប​សុខ​នឹង​បង​ស្រី
ជួប​គ្នា​ជា​បង​ប្អូន​រួម​ផ្ទៃ                        គ្រប់​ជាតិ​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។
២៨. សូម​ព្រះ​ឃុំ​គ្រង​ថែរក្សា              បងស្រី​ជីវា​ឲ្យ​បាន​ស្បើយ
ឲ្យ​ខ្ញុំ​និង​គាត់​ជួប​កោះ​ត្រើយ                 សូម​បាន​ល្ហែល្ហើយ​កុំ​បី​ហ្មង៕

No comments:

Ramayana - The Epic