ជីវិតស្រីឡង់សេ
2012-02-04
ដោយ យុន សុគុណ្ណា
១.ជីវិតស្រីបាពេលរាត្រី កំដរលោកិយប្រុសតណ្ហា
ខ្ញុំមិនចង់ធ្វើទេញាតិណា ធ្វើម្ដេចវាសនាបានចារមក។

២.មានខ្លះដៀលថាខ្ញុំក្ខិណី ជាស្រីអបលក្ខណ៍រស់ពឹងជ្រក
លក់តែសម្រស់មិនប្រឹងរក ខ្ញុំសែនវិប្បយោគក្នុងដួងចិត្ត។

៣.តើមានន័យអ្វីរស់ក្នុងលោក មានរូបទុក្ខសោកផ្ទួនៗពិត
តើនេះហើយឬព្រហ្មលិខិត កំណត់ជីវិតស្រីដូចខ្ញុំ។

៤.ភ្លើងពណ៌ភ្លឺផ្លេកជ្រែករាត្រី សំឡេងតន្ត្រីលាន់រងំ
តើអ្នកដឹងទេចិត្តខ្ញុំយំ រងទុក្ខក្រៀមក្រំព្រោះក្រពះ។

៥.ក្រពះចុកពើតព្រោះអាហារ គ្រួសារជាការសំខាន់ណាស់
ម្យ៉ាងទៀតប្អូនៗនៅពេញផ្ទះ ខ្ញុំត្រូវជម្នះខំរកប្រាក់។

៦.រៀនក៏បានតិចមិនចេះអ្វី ការងារធំថីចេះស្ទើរស្ទាក់
ឡង់សេនេះហើយអាចរកប្រាក់ ចិញ្ចឹមក្រពះប្អូនជីវ៉ា។

៧.ញាតិអើយសូមអ្នកកុំសើចយំ បើអ្នកជាខ្ញុំគិតយ៉ាងណា
កិត្តិយសសំខាន់ ឬគ្រួសារ បើក្រពះផ្សារស្ទើរក្សិណក្ស័យ។

៨.ចង់តែរត់គេចចាកទ្វីបលោក មានតែទុក្ខសោកតាមប្រល័យ
ប៉ុន្តែអាណិតប្អូនៗថ្លៃ អាយុក្មេងខ្ចីមិនដឹងការ។

៩.រស់នៅតាមតែព្រហ្មលិខិត កំណត់ជីវិតចិត្តស្រីបា
អភ័ព្វខុសគេក្នុងលោកា តើមានស្រីណាដូចជាខ្ញុំ។

១០.ពេលខ្លះគេរំលោភបំពាន ឲ្យខ្ញុំក្រំក្រៀមថ្នាក់ស្រែកយំ
ឱជីវិតអើយរងទារុណ តើនៅជាតិមុនខ្ញុំសាងអ្វី?

១១.បានតែជាតិនេះជួបតែកម្ម គ្មានបានស្រាកស្រាន្តកាយល្ហិតល្ហៃ
តើឯណាទៅត្រង់អត្ថន័យ ខ្លឹមសារតម្លៃនៃជីវិត?

១២.ជំងឺព្យាធិតាមបៀតបៀន រុករានរូបកាយក្លាយរួមរឹត
កំព្រឹងកំព្រាវេទនាចិត្ត សំណោកជីវិតចិត្តខ្លោចផ្សា។

១៣.សូមអ្នកប្រហារកាយខ្ញុំទៅ មិនចង់រស់នៅក្នុងលោកា
លោកនេះពោរពេញដោយទុក្ខា លំបាកហួសថាម្ល៉េះព្រះអើយ។

១៤.នេះហើយជីវិតស្រីរាំបារ គ្មានបានសុខាម្តងណាឡើយ
ធ្វើម្ដេចជាតិនេះហួសទៅហើយ បើមានជាតិក្រោយកុំឲ្យយល់។

១៥. កុំឲ្យមានរឿងដូចនេះឡើយ សូមខ្ញុំបានល្ហើយកុំឲ្យខ្វល់
ប្រសិនបើមានកើតអំពល់ ឱព្រះពាយខ្យល់បក់ឲ្យឆ្ងាយ។

១៦.ខ្ញុំសូមរៀបរាប់ប៉ុណ្ណឹងចុះ បើសិនមានខុសសូមបរិយាយ
ជួយកែតម្រូវផងមិត្តអើយ សូមលាសិនហើយមួយគ្រាសិន៕

No comments:
Post a Comment