Monday, February 13, 2012

គុណព្រះម៉ែ


គុណ​ព្រះ​ម៉ែ

2012-02-08
ដោយ គង់ ឡាយ, នូវែលហ្សេឡង់ (Auckland, New Zealand)
(បទ​ព្រហ្មគីតិ)
១. កូន​អើយ​ចូរ​ចង​ចាំ                          បា​បាន​ផ្តាំ​ចារ​ទុក​ឱ្យ
ម៉ែ​ឪ​ចាស់​ណាស់​ហើយ                       គ្មាន​អ្វី​ឡើយ​ទុក​ជា​កេរ។
· មាន​តែ​ពាក្យ​សម្ដី                         គុណ​ម៉ែ​ថ្លៃ​ណាស់​មាស​មេ
ពាក្យ​ចាស់​ពី​បុព្វេ                               គ្មាន​អ្វី​ស្មើ​គុណ​ម៉ែ​ថ្លៃ។
៣. កាល​កូន​ចាប់​កំណើត                   បាន​មក​កើត​ឋិត​ក្នុង​ផ្ទៃ
ប្រាំបួន​ខែ​ដប់​ថ្ងៃ                                  កូន​ចាក​ផ្ទៃ​ម៉ែ​ខ្លោច​ផ្សា។
៤. ឆ្លង​ផុត​មហា​សមុទ្រ                        ស្ទើរ​រលត់​សូន្យ​សង្ខារ
ទម្រាំ​ឃើញ​ជីវា                                   លើក​ហត្ថា​ម៉ែ​រសាយ។
៥. កាល​កូន​នៅ​ពី​តូច                          ម៉ែ​ពរ​ងូត​សំអាត​កាយ
អាចម៍​នោម​មិន​ជិន​ណាយ                  ម៉ែ​ដុស​លាង​តែ​នឹង​ដៃ។
៦. កូន​ឈឺ​ម៉ែ​ភ័យ​ខ្លាច                         ម៉ែ​ឱហាត​ទាំង​យប់​ថ្ងៃ
ថែ​ទាំ​គ្មាន​សំចៃ                                    នោះ​គឺ​ន័យ​ព្រោះ​តែ​បុត្រ។
៧. និស្ស័យ​ម្ដាយ​និង​កូន                       សាង​ជា​ក្បូន​លើ​សមុទ្រ
ឆ្លង​កាត់​គ្រា​កម្សត់                               ម៉ែ​តស៊ូ​ទ្រាំ​បាន​នៅ។
៨. ថែ​កូន​ឱ្យ​ដឹង​ក្ដី                                កូន​ប្រុស​ស្រី​ចង​ចាំ​នូវ
បណ្ដាំ​ពាក្យ​ម៉ែ​ឪ                                 ចង​ចាំ​ទៅ​ណា​កូន​ណា។
៩. សង​គុណ​បាន​មិន​បាន                     មិន​ប៉ុន្មាន​ទេ​ពៅ​ណា
ធ្វើ​ឱ្យ​ចិត្ត​មេបា                                    សប្បាយ​ទៅ​នោះ​បាន​ហើយ។
១០. គុណ​ម៉ែ​ធ្ងន់​ពេក​ពន់                    គ្មាន​អ្វី​ធ្ងន់​ប្រៀប​បាន​ឡើយ
ដូច​នេះ​កុំ​កន្តើយ                                 សង​គុណ​ទៅ​ទាន់​ព្រះ​រស់។
១១. ចាំ​ដល់​គាត់​ចាក​ឋាន                     បុណ្យ​ប៉ុន្មាន​មិន​ឃើញ​ដល់
ដៃ​គាត់​ឬ​មិន​ដល់                                នៅ​ស្ថាន​ណា​យើង​មិន​ដឹង។
១២. បើ​កូន​កតញ្ញូ                              នោះ​មិន​យូរ​កូន​នឹង​ដឹង
ចៅៗ​វា​នឹង​ប្រឹង                                    សង​កូន​វិញ​ជា​មិន​ខាន។
១៣. ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង                     កូន​ស្វះស្វែង​មុខ​ជា​បាន
យល់​ដល់​ក្ដី​សន្តាន                               នៃ​ចិត្ត​ម្ដាយ​ដ៏​បរិសុទ្ធ។
១៤. ទឹក​ភ្នែក​ម៉ែ​ឪ​ហូរ                         ប្រៀប​ជន់ជោរ​នៃ​សមុទ្រ
កូន​ហែល​មិន​ប្រាកដ                           ចាក​ផុត​ទុក្ខ​នៃ​ជីវិត។
១៥. ចិញ្ចឹម​កូន​មិន​រាប់​ថ្ងៃ                   គ្មាន​កម្រៃ​ក៏​មិន​គិត
នឿយ​ហត់​ទុក​ក្នុង​ចិត្ត                         មិន​ដែល​ថ្ងូរ​ឱ្យ​កូន​ដឹង។
១៦. ដល់​កូន​ធំ​ដឹង​ក្ដី                            ចង់​បាន​អ្វី​ម៉ែ​ខំ​ប្រឹង
ផ្ដល់​ឱ្យ​មិន​ទាំង​ខឹង                               គាប់​ចិត្ត​កូន​មាន​នឹង​គេ។
១៧. ដល់​កូន​មាន​គ្រួសារ                      ពុំ​ប្រាថ្នា​អ្វី​នោះ​ទេ
ចង់​ឱ្យ​កូន​ទាំង​ទ្វេ                                  បាន​សុខសាន្ត​នោះ​បាន​ហើយ។
១៨. បើ​កូន​ចង់​សាង​បុណ្យ                  ម៉ែ​ឪ​មុន​គេ​នេះ​ហើយ
ចូរ​កូន​កុំ​ភ្លេច​ឡើយ                             មុន​ទៅ​ធ្វើ​បុណ្យ​ឯ​វត្ត៕

No comments:

Ramayana - The Epic